រដ្ឋាភិបាលអូស្ត្រាលបញ្ជាឱ្យដកកាមេរ៉ាសុវត្ថិភាពដែលផលិតដោយប្រទេសចិនចេញទាំងអស់

0

ក្រសួងការពារជាតិអូស្ត្រាលីដកកាមេរ៉ាសុវត្ថិភាពទាំងអស់ដែលជាផលិតផលរបស់ប្រទេសចិនចេញទាំងអស់ បន្ទាប់ពីការធ្វើសវនកម្មលម្អិតអំពីចំនួនកាមេរ៉ា Hikvision និង Dahua ដែលត្រូវដំឡើងនៅអគារមួយចំនួនរបស់រដ្ឋាភិបាល។ នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងកាលពីថ្ងៃសុក្រ លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីនៃក្រសួងការពារជាតិ និយាយថា កាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅនាយកដ្ឋានការពារជាតិទាំងអស់ ដែលផលិតដោយប្រទេសចិននឹងត្រូវដកចេញ។

លោកបន្ថែមថា “យើងធ្វើការស្វែងរកមូលដ្ឋានទិន្នន័យ (Database) នៃកាមេរ៉ាទាំងនោះ ហើយខ្ញុំក៏ស្នើសុំទៅកាន់អ្នកដែលជាប់ពាក់ព័ន្ធតាមស្ថាប័នផ្សេងៗឱ្យធ្វើការពិនិត្យបន្ថែមលើចំណុចនេះ ហើយបើនៅតាមស្ថាប័ន ឬក្រសួងណាមួយដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពដែលផលិតដោយប្រទេសចិន នោះនឹងត្រូវបញ្ជាឱ្យដកចេញទាំងអស់”។ លោកបន្តថា ក្រសួងការពារជាតិ ដឹងក៏ដូចជាមានការប្រុងប្រយ័ត្នពីកាមេរ៉ាសុវត្ថិភាពទាំងនោះចាប់ តាំងពីឆ្នាំ2018 មកម្ល៉េះ។

ការធ្វើសវនកម្មនេះ ត្រូវផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភា និងលោក James Paterson ដែលជាសមាជិកនៃគណបក្សសេរីនិយម។ កិច្ចខិតខំប្រឹងប្រែងនោះ រកឃើញកាមេរ៉ាសុវត្ថិភាពដែលផលិតដោយប្រទេសចិនមិនតិចជាង 900 កាមេរ៉ា ដែលត្រូវប្រើប្រាស់នៅទីកន្លែងរបស់ភ្នាក់ងាររដ្ឋាភិបាល ដែលត្រូវបំពាក់មិនតិចជាង 250ទីតាំង។

លោក Paterson ពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា៖ “ក្រុមហ៊ុនដៃគូ AUKUS របស់យើង និងជាសម្ព័ន្ធមិត្តសន្តិសុខជិតស្និទ្ធបំផុត នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ធ្វើការប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ2022 ថា ពួកគេហាមឃាត់មិនឱ្យមានបំពាក់ឧបករណ៍ដែលជាកាមេរ៉ាសុវត្ថិភាពទាំងអស់នៅក្នុងអគាររដ្ឋាភិបាល ដោយសារតែបារម្ភពីការគំរាមកំហែងសន្តិសុខជាតិ”។ លោកបន្ថែមថា នោះហើយជាមូលហេតុដែលក្រសួងការពារជាតិដាក់ផែនការដកកាមេរ៉ាសុវត្ថិភាពដែលផលិតដោយប្រទេសចិនចេញទាំងអស់ គ្រប់ស្ថាប័ន ឬក្រសួងនានា។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Mao Ning អ្នកនាំពាក្យរបស់ក្រសួងការបរទេសនៃប្រទេសចិន និយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងការអនុវត្តមិនត្រឹមត្រូវលើគំនិតហួសប្រមាណនៃសន្តិសុខជាតិ និងរំលោភអំណាចរដ្ឋ ដើម្បីរើសអើង និងគាបសង្កត់លើក្រុមហ៊ុនចិន។ លោកបន្តទៀតថា “យើងសង្ឃឹមថា ភាគីអូស្ត្រាលីនឹងផ្តល់នូវភាពយុត្តិធម៌ និងការមិនរើសអើងសម្រាប់ប្រតិបត្តិការធម្មតារបស់ក្រុមហ៊ុនចិន និងធ្វើការងារជាច្រើនបន្ថែមទៀតដែលអាចរួមចំណែកដល់ការជឿទុកចិត្តគ្នា និងមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាងប្រទេសទាំងពីរ”។

លោក Paterson ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Mao តាមរយៈការសរសេរសារនៅលើកម្មវិធីបណ្តាញសង្គម Twitter ថា៖“វាពិតជាមានភាពចាំបាច់ណាស់ដែលរដ្ឋាភិបាលអាល់បានីទប់ទល់នឹងសម្ពាធនេះ និងប្តេជ្ញាបន្តនៅក្នុងដកឧបករណ៍កាមេរ៉ាសុវត្ថិភាពដែលអាចបង្កហានិភ័យផ្ទៃក្នុងទាំងនោះចេញពីនាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធទាំងអស់”។ សមាជិកព្រឹទ្ធសភាម្នាក់ក៏និយាយថា៖ “សូមស្វាគមន៍” ចំពោះការប្តេជ្ញាចិត្តរបស់លោក Marles ក្នុងការដកឧបករណ៍ឃ្លាំមើល ហើយសង្ឃឹមថាភ្នាក់ងារផ្សេងៗទៀតនឹងអនុវត្តតាម។

កាលពីចុងខែវិច្ឆិកា គណៈកម្មការទំនាក់ទំនងសហរដ្ឋអាមេរិក (FCC) ហាមប្រាមប្រទេសរបស់ខ្លួនពីការអនុញ្ញាតឱ្យនាំចូល ឬលក់ផលិតផលទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើលរបស់ប្រទេសចិន ដោយឈរលើមូលដ្ឋានសន្តិសុខជាតិ។ ម៉ាកផលិតផលរបស់ប្រទេសចិនដែលរងផលប៉ះពាល់ទាំងអស់មានដូចជា Huawei, ZTE, Hytera Communications,Hikvision និង Dahua។

ស្របពេលជាមួយគ្នានេះផងដែរ ចក្រភពអង់គ្លេសហាមឃាត់មិនឱ្យប្រើប្រាស់ម៉ាស៊ីនថតវីដេអូរបស់ប្រទេសចិននៅទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល និងបញ្ជាឱ្យភ្នាក់ងារដកឧបករណ៍ទាំងនោះចេញ និងជំនួសវិញដោយផលិតផលថ្មីទាំងអស់។ ក្រុមហ៊ុន Hikvision ធ្វើការបដិសេធលើការចោទប្រកាន់ថា ផលិតផលរបស់ខ្លួនអាចប្រើសម្រាប់ធ្វើការគំរាមកំហែងសន្តិសុខជាតិ ហើយក្រុមហ៊ុន Hikvision ក៏ប្រាប់ទៅកាន់សារព័ត៌មាន The Reg កាលពីខែវិច្ឆិកា ឆ្នាំ2022 ថា ពួកគេមិនអាចបញ្ជូនទិន្នន័យពីអ្នកប្រើប្រាស់ទៅភាគីទីបី (Third Parties) ឬគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ និងលក់ទិន្នន័យទាំងនោះនោះទេ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here