ទូរស័ព្ទដៃ Android ទំនើបៗដែលមានដំឡើងមេរោគត្រូវបានដាក់លក់នៅក្នុងប្រទេសចិន

0

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរស័ព្ទ Android របស់ប្រទេសចិនបានទទួលនូវកេរ្តិ៍ឈ្មោះអាក្រក់ទាក់ទងទៅនឹងការប៉ះពាល់លើភាពឯកជនរបស់អ្នកប្រើប្រាស់។ លើសពីនេះ ការសិក្សាថ្មីមួយបានបង្ហាញថា ទូរស័ព្ទដៃ Android ទំនើបៗដែលមានដំឡើងមេរោគត្រូវបានដាក់លក់នៅក្នុងប្រទេសចិន។

ក្រុមហ៊ុនផលិតស្មាតហ្វូន Android កំពូលចំនួនបីរបស់ប្រទេសចិនដែលមានក្រុមហ៊ុន OnePlus Oppo Realme និង Xiaomi ត្រូវបានវិភាគដោយអ្នកជំនាញ។ ពួកគេបានបង្ហាញថា  ប្រព័ន្ធកម្មវិធីមួយចំនួន កម្មវិធីផ្ទាល់ខ្លួនរបស់អ្នកលក់ និងកម្មវិធីទីបី (Third-party) មានសិទ្ធដោយគ្មានការអនុញ្ញាតដែលអាចបង្កផលប៉ះពាល់ដល់ភាពឯកជនរបស់អ្នកប្រើប្រាស់។

កម្មវិធីទាំងនោះមានសមត្ថភាពលួចយកទិន្នន័យសំខាន់ៗពីឧបករណ៍របស់អ្នកប្រើប្រាស់​ដែលមានដូចជាព័ត៌មានប្រព័ន្ធ លេខទូរស័ព្ទ ស្ថិតិនៃការប្រើប្រាស់កម្មវិធី ប្រព័ន្ធ GPS និងការកំណត់ពាក់ព័ន្ធនឹងប្រព័ន្ធ Network មួយចំនួន ទំនាក់ទំនងសង្គម  ប្រវត្តិនៃការហៅទូរស័ព្ទ ដោយពុំមានការអនុញ្ញាតិពីអ្នកប្រើប្រាស់។

ទិន្នន័យដែលប្រមូលបាននឹងត្រូវបានប្រមូលដោយអ្នកលក់ និងប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័តរបស់ប្រទេសចិនដែលមិនពាក់ព័ន្ធដូចជា China Mobile និង China Unicom។ អ្នកស្រាវជ្រាវ នៅក្នុងការពិសោធន៍របស់ពួកគេ បានប្រើប្រាស់បច្ចេកទេសវិភាគកូដដើម្បីសិក្សាពីចរាចរណ៍បណ្តាញ និងទិន្នន័យដែលបានបញ្ជូនដោយប្រព័ន្ធកម្មវិធីដែលត្រូវបានដំឡើងជាមុន។

ការសិក្សានេះបានបង្ហាញពីការប្រឈមជាមួយនឹងហានិភ័យដល់ទិន្ន័យភាពឯកជនរបស់អ្នកប្រើប្រាស់ នៅក្នុងទីផ្សារទូរស័ព្ទដៃ Android ដ៏ធំបំផុតរបស់ពិភពលោក។ ប្រព័ន្ធកម្មវិធីដែលត្រូវបានដំឡើងជាមុនមួយចំនួននៅលើប្រព័ន្ធប្រតិបត្តិការ Chinese OS គឺមានចំនួនចែកចាយពី 3 ទៅ 4 ដងបើប្រៀបធៀបទៅនឹងប្រព័ន្ធប្រតិបត្តិការ Android សកល ដែលចែកចាយដោយក្រុមអ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការដូចគ្នា។ បន្ថែមលើសពីនេះ កម្មវិធីភាគីទីបីដែលដំឡើងមកជាមុននៅក្នុងប្រព័ន្ធប្រតិបត្តិការ Chinese OS ត្រូវបានផ្តល់ការអនុញ្ញាតិជាច្រើនពីចំនួន 8 ទៅ 10ដងដូចគ្នានៅលើកម្មវិធីដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ចែកចាយជាសកលដែរ។

ជំហប្រទេសចិនចំពោះឯកជនភាពនៃទិន្នន័យមានការលើកមកពិភាក្សាវែកញែកជាសាកល  ខណៈដែលច្បាប់ឯកជនភាពថ្មីត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសចិនទៅលើក្រុមហ៊ុនឯកជន ប៉ុន្តែមិនមែនទៅលើភ្នាក់ងាររដ្ឋនោះទេ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មទំនាក់ទំនងត្រូវការច្បាប់តឹងរឹងដើម្បីរក្សាការគ្រប់គ្រងលើភាពឯកជន និងស្តង់ដារសុវត្ថិភាពដើម្បីឱ្យក្រុមហ៊ុនផលិតឧបករណ៍បន្តអនុវត្តគោលការណ៍ស្របជាមួយនឹងភាពឯកជនរបស់អ្នកប្រើប្រាស់៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here