ភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក ចេញផ្សាយពីប្រព័ន្ធព្រមានថ្មីមួយដែលជាការប្រឆាំងនឹងក្រុមមេរោគ Royal Ransomware។ ផ្នែកមួយនែយុទ្ធនាការ #StopRansomware របស់ភ្នាក់ងារនេះ គឺជាឯកសារដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយសហការជាមួយភ្នាក់ងារ FBI និងពិពណ៌នាអំពីយុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីនានា រួមជាមួយនឹងសូចនាករនៃការសម្របសម្រួល (IOCs) ដែលត្រូវផ្សារភ្ជាប់ជាមួយនឹងកំណែរបស់មេរោគ Royal ransomware ។
ទីប្រឹក្សាសន្តិសុខតាមអ៊ីនធឺរណិតរួមនិយាយថា សកម្មភាពមេរោគកាលពីពេលថ្មីៗនេះរបស់ក្រុមគំរាមកំហែង ដែលកំពុងប្រើប្រាស់កំណែមេរោគថ្មីត្រូវគេរកឃើញកាលពីខែកញ្ញា ឆ្នាំ២០២២។ អត្ថបទណែនាំមួយមានខ្លឹមសារថា៖ “ភ្នាក់ងារ FBI និង CISA ជឿថា កំណែមេរោគនេះដែលប្រើកម្មវិធីអ៊ិនគ្រីបឯកសារដែលផលិតដោយខ្លួនឯង វិវឌ្ឍន៍ពីកំណែ ‘Zeon’ មុន ដែលមានតួនាទីជាបន្ទុក”។
បន្ទាប់ពីចូលប្រើបណ្តាញតាមរយៈយុទ្ធនាការ phishing ដោយចូលបញ្ជាពីចម្ងាយតាមវិធីសាស្ត្រ RDP និងបច្ចេកទេសផ្សេងៗទៀត គេសង្កេតឃើញតួអង្គគំរាមកំហែងបិទកម្មវិធីកំចាត់មេរោគនៅលើម៉ាស៊ីនរបស់ជនរងគ្រោះ និងទាញយកទិន្នន័យជាច្រើន។ នៅទីបំផុតពួកគេពង្រាយមេរោគ ransomware និងប្រព័ន្ធអ៊ិនគ្រីប។ ភ្នាក់ងារ CISA សរសេរថា “ភ្នាក់ងារគំរាមកំហែងទាមទារតម្លៃលោះចាប់ពី 1លានដុល្លារ ទៅ 11លានដុល្លារជាប្រាក់ Bitcoin”។ ស្របពេលជាមួយគ្នាដែរ អ្នកស្រាវជ្រាវបញ្ជាក់ថា នៅក្នុងហេតុការណ៍ដែលសង្កេតឃើញ ភ្នាក់ងារគំរាមកំហែង Royal មិនរាប់បញ្ចូលថ្លៃលោះ ឬការណែនាំអំពីការទូទាត់ទាំងនោះថាជាផ្នែកនៃកំណត់ចំណាំតម្លៃលោះរបស់វាទេ។
ផ្ទុយទៅវិញ នៅក្នុងព័ត៌មានកំណត់ចំណាំលោះនោះ ដែលលោតបង្ហាញឡើងបន្ទាប់ពីការអ៊ិនគ្រីបនោះ តម្រូវឱ្យជនរងគ្រោះធ្វើអន្តរកម្មដោយផ្ទាល់ជាមួយតួអង្គគំរាមកំហែងតាមរយៈ .onion URL ដែលអាចបើកនៅលើ Tor browser។ ភ្នាក់ងារ CISA សរសេរថា ភ្នាក់ងារគំរាមកំហែង Royal កំណត់គោលដៅទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរាប់បញ្ជូលទាំង រចនាសម្ព័ន្ធការផលិត ការទំនាក់ទំនង ការអប់រំ និងការថែទាំសុខភាព។
នៅក្នុង #StopRansomware advisories ភ្នាក់ងារ CISA បញ្ចូលការណែនាំថ្មីៗជាបន្តបន្ទាប់ដើម្បីកាត់បន្ថយលទ្ធភាព និងផលប៉ះពាល់នៃឧប្បត្តិហេតុមេរោគ ransomware។ ការណែនាំទាំងនោះតម្រូវឱ្យគណនីទាំងអស់មានពាក្យសម្ងាត់សម្រាប់លុកចូលដើម្បីអនុវត្តតាមស្តង់ដារវិទ្យាស្ថាន និងបច្ចេកវិទ្យាជាតិ (NIST) ដោយរក្សាប្រព័ន្ធទាំងអស់ឱ្យទាន់សម័យ និងអនុវត្តការបែងចែកបណ្តាញនៅពេលណាដែលអាចធ្វើទៅ។ CISA advisory ទើបតែបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន Microsoft ប្រទះឃើញតួអង្គគំរាមកំហែងដែលគេស្គាល់ថា DEV-0569 ខណៈដែលតួអង្គគំរាមកំហែងនោះកំពុងបង្កើតឧបករណ៍ថ្មីដើម្បីចែកចាយមេរោគ Royal ransomware៕
ប្រភព infosecurity ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣