បើតាមការសាកសួរទៅកាន់អ្នកប្រើប្រាស់នៅរដ្ឋម៉ារីលែនឱ្យដឹងថា ការផ្តាច់ខ្លួនមិនប្រើកម្មវិធី TikTok គឺមានភាពស្មុគស្មាញជាងការបិទកម្មវិធី។ យោងតាមរបាយការណ៍ព័ត៌មានរបស់ The Wall Street Journal ឱ្យដឹងថា ម៉ារីលែនគឺជារដ្ឋមួយនៅក្នុងចំណោមរដ្ឋជាច្រើនដែលប្រើប្រព័ន្ធ tracking pixel របស់កម្មវិធី TikTok នៅលើគេហទំព័ររដ្ឋាភិបាល បើទោះបីជាមានការហាមឃាត់មិនឱ្យប្រើកម្មវិធីដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធី TikTok នៅលើឧបករណ៍ និងបណ្តាញផ្លូវការក៏ដោយ។
របាយការដដែលមានបន្ថែមខ្លឹមសារថា រដ្ឋម៉ារីលែនគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន 27ដែលមានលេខកូដរបស់ប្រព័ន្ធ tracking pixel នៃកម្មវិធី TikTok ដែលបង្កប់នៅក្នុងវេបសាយទំព័រផ្លូវការរបស់រដ្ឋាភិបាល។ខណៈដែលការប្រើប្រាស់ប្រព័ន្ធនេះគឺជារឿងធម្មតាបំផុតនោះ ដោយសារតែប្រព័ន្ធ tracking pixel អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺរណិតកំណត់គោលដៅផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ យ៉ាងណាមិញ ការប្រើប្រាស់ tracking pixel របស់រដ្ឋរដ្ឋម៉ារីលែនក៏ទទួលការរិះគន់យ៉ាងទូលំទូលាយពីអ្នកតស៊ូមតិឯកជនភាពផងដែរ។
នៅក្នុងករណីរដ្ឋម៉ារីលែន ប្រព័ន្ធ TikTok pixels ត្រូវគេរកឃើញនៅលើវេបសាយ COVID ដែលគ្រប់គ្រងដោយរដ្ឋ ហើយប្រព័ន្ធ tracking pixel នេះក៏មានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការផ្សាយពាណិជ្ជកម្មកាលពីឆ្នាំមុនផងដែរ។ លើសពីនេះ ប្រព័ន្ធ tracking pixel របស់កម្មវិធី TikTok ក៏ត្រូវរកឃើញនៅលើវេបសាយដែលដំណើរការដោយនាយកដ្ឋានសេវាកម្មកម្លាំងការងាររបស់រដ្ឋយូថាហ៍(Utah)។ មន្ត្រីនាយកដ្ឋានប្រាប់អ្នកយកព័ត៌មាន The Wall Street Journal ថា ប្រព័ន្ធ tracking pixel ត្រូវប្រើសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មដែលផ្តោតលើអ្នកស្វែងរកការងារ។ រដ្ឋយូថាហ៍ ក៏រងការហាមឃាត់មិនឱ្យប្រើប្រព័ន្ធកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលដូចរដ្ឋម៉ារីលែនដែរ។
របាយការណ៍នេះបង្ហាញពីរបៀបដែលរដ្ឋាភិបាលកំពុងតែពិបាកក្នុងការផ្តាច់ខ្លួនចេញពីប្រព័ន្ធរបស់កម្មវិធី TikTok ទាំងស្រុង បើទោះបីជាមានការហាមឃាត់ដល់ទីតាំងក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TikTok គឺកំពុងតែប្រឈមមុខជាមួយនឹងការគំរាមកំហែងនៃការហាមឃាត់នៅទូទាំងសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនមេ ByteDance មិនដកភាគហ៊ុនរបស់ខ្លួនចេញពីសេវាកម្មនេះទេ។ នាយកប្រតិបត្តិ Shou Zi Chew ត្រូវចូលខ្លួនផ្តល់សក្ខីកម្មក្នុងសវនាការសភានៅថ្ងៃព្រហស្បតិ៍ ដែលគាត់នឹងសម្រេចចិត្តលើករណីហាមប្រាមកម្មវិធីនេះ ដែលអាចនឹងបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិកចំនួន 150លាននាក់។
របាយការណ៍ថ្មីមួយនៅក្នុងបណ្តាញសារព័ត៌មាន Forbes លើកបង្ហាញពីបញ្ហាផ្សេងៗទៀតដែលថា ការហាមឃាត់នៅទូទាំងប្រទេសប្រហែលជាមិនអាចដោះស្រាយពេញលេញនោះទេ។ បើយោងតាមរបាយការណ៍នេះឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន TikTok និងក្រុមហ៊ុន ByteDance នៅតែអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធី TikTok នៅប្រទេសឥណ្ឌា ទោះបីជាប្រទេសនេះហាមឃាត់កម្មវិធី TikTok កាលពីឆ្នាំ2020 ក៏ដោយ។ សារព័ត៌មាន Forbes ចង្អុលបង្ហាញថា រឿងនេះកើតឡើងទំនងជាដោយសារតែលក្ខខណ្ឌនៃការហាមប្រាមរបស់ប្រទេសឥណ្ឌាហាក់ដូចជាមិនអំពាវនាវឱ្យមានការលុបទិន្នន័យកម្មវិធីដែលត្រូវចាប់យក និងរក្សាទុករួចហើយ។
បើទោះបីជាដូច្នេះក្តី វាមិនមែនជាលើកទីមួយទេដែលអ្នកជំនាញសន្តិសុខចោទសួរថា តើវាអាចទៅរួចទេក្នុងការទាញយកមកវិញនូវទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ដែលក្រុមហ៊ុនប្រមូលរួចហើយ។ ការលើកឡើងបែបនេះអាចធ្វើឱ្យមានភាពងាយស្រួលបន្តិចសម្រាប់ក្រុមហ៊ុន TikTok ក្នុងការជជែកតវ៉ាថា ការហាមឃាត់ទាំងស្រុងនឹងមានប្រសិទ្ធភាពតិចជាងផែនការរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនដើម្បីកំណត់លើការគ្រប់គ្រងទិន្នន័យដ៏តឹងរ៉ឹង និងវិធានការផ្សេងៗទៀត ដែលមានបំណងបិទទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក។ ផែនការ ដែលមានឈ្មោះថា Project Texas ធ្លាប់បរាជ័យក្នុងការបញ្ចុះបញ្ចូលសមាជិកសភា និងមន្ត្រីក្រសួងរតនាគារ ដែលមានជាប់ពាក់ព័ន្ធនឹងការចរចារជាច្រើនឆ្នាំជាមួយក្រុមហ៊ុន TikTok៕
ប្រភពព័ត៌មាន engadget ចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣