ក្រុមហ៊ុន Google ប្រកាសថា នៅពេលឆាប់ៗខាងមុខនេះ កម្មវិធី Android នៅលើ Play Store នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបគណនី និងទិន្នន័យទាំងអស់នៅក្នុងកម្មវិធី និងនៅលើវេបសាយ។ អ្នកអភិវឌ្ឍន៍កម្មវិធីក៏ត្រូវលុបទិន្នន័យទាំងនោះផងដែរ នៅពេលដែលអ្នកប្រើប្រាស់ស្នើសុំលុបគណនីទាំងស្រុង។
កត្តានេះគឺចង់ឱ្យអ្នកប្រើប្រាស់យល់ដឹងឱ្យកាន់តែប្រសើរជាងមុនអំពីការគ្រប់គ្រងដែលពួកគេមានសិទ្ធលើទិន្នន័យរបស់ពួកគេ និងដើម្បីពង្រឹងទំនុកចិត្តទាំងនៅលើកម្មវិធី និងនៅលើ Play Store ទាំងមូល។ ការអនុវត្តបែបនេះថែមទាំងផ្តល់នូវភាពបត់បែនបន្ថែមទៀត។ ក្រុមហ៊ុន Google និយាយថា អ្នកអាចលុបទិន្នន័យជាក់លាក់ (ដូចជាមាតិកាដែលអាប់ឡូតចូល) ដោយមិនចាំបាច់លុបគណនីរបស់អ្នកទាំងស្រុង។ វេបសាយ(Web)នឹងធានាផងដែរថា អ្នកនឹងមិនចាំបាច់ដំឡើងកម្មវិធីឡើងវិញដើម្បីលុបព័ត៌មាន។
គោលការណ៍នេះគឺកំពុងអនុវត្តជាដំណាក់កាល។ អ្នកមានរយៈពេលរហូតដល់ថ្ងៃទី7 ខែធ្នូ ដើម្បីឆ្លើយសំណួរអំពីការលុបទិន្នន័យនៅក្នុងទម្រង់សុវត្ថិភាពរបស់កម្មវិធី។ ការចុះបញ្ជីក្នុងហាង Store នឹងចាប់ផ្តើមបង្ហាញពីការផ្លាស់ប្តូរនៅដើមឆ្នាំ2024។ អ្នកអភិវឌ្ឍន៍អាចទទួលឯកសារបន្ថែមរហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំក្រោយ។
ហេតុការណ៍នេះកើតឡើងនៅប៉ុន្មានខែនេះ បន្ទាប់ពីក្រុមហ៊ុន Apple បង្កើតច្បាប់ស្រដៀងគ្នាសម្រាប់កម្មវិធី App Store។ ក្នុងករណីទាំងពីរ ក្រុមហ៊ុនមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិឯកជនភាព និងការចុះខ្សោយជាបន្តបន្ទាប់ ដោយពួកគេមិនចង់ឱ្យអ្នកប្រើប្រាស់ក្លាយជាជនរងគ្រោះពីការបំពានទិន្នន័យនោះទេ ព្រោះអ្នកប្រើប្រាស់មិនអាចលុបគណនី ឬព័ត៌មានសំខាន់យ៉ាងងាយស្រួលនៅពេលពួកគេឈប់ប្រើកម្មវិធី។
ការអនុវត្តនេះធ្វើឡើងក្រោយពីមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយនិយតករដើម្បីទាមទារឱ្យមានការគ្រប់គ្រងបន្ថែមទៀតលើសេវាកម្មនានា។ កាលពីពេលថ្មីៗនេះ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ(FTC)ស្នើសុំឱ្យមានការផ្លាស់ប្តូរច្បាប់ដែលទាមទារមធ្យោបាយងាយស្រួលក្នុងការលុបចោលការជាវ និងសមាជិកភាព។ ខណៈពេលដែល គណៈកម្មការពាណិជ្ជកម្មសហព័ន្ធផ្តោតលើការបង់ថ្លៃដែលមិនចង់ជាជាងឯកជនភាពនោះ សារផ្ញើទៅកាន់អ្នកបង្កើតកម្មវិធីគឺមានខ្លឹមសារច្បាស់លាស់ថា ផ្តល់ការគ្រប់គ្រងគណនី ឬការគ្រប់គ្រងលើបញ្ហាប្រឈមឱ្យកាន់តែច្រើនជាងមុន៕
ប្រភព engadget ចុះផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣