កម្មវិធី Facebook មានអ្នកប្រើប្រាស់សកម្មប្រចាំខែមិនតិចជាង 2,9ពាន់លាននាក់ហើយកម្មវិធី Facebook នៅតែជាកន្លែងដែលពេញនិយមចិត្តសម្រាប់អ្នកបោកប្រាស់ដែលកំពុងស្វែងរកការអនុវត្តផ្នែកវិស្វកម្មសង្គម ឬលួចព័ត៌មានផ្ទាល់ខ្លួន។ កាលពីពេលថ្មីៗនេះ ការឆបោកថ្មីត្រូវរកឃើញ ដោយប្រើប្រូហ្វាលក្លែងក្លាយមិនតិចជាង 3,000 ប្រូហ្វាលដើម្បីលួចព័ត៌មានសម្ងាត់លុកចូល។
នៅចន្លោះខែកុម្ភៈ និងខែមីនា ក្រុមអ្នកស្រាវជ្រាវ Group-IB រកឃើញយុទ្ធនាការបន្លំដ៏ធំមួយ ដែលពាក់ព័ន្ធនឹងប្រូហ្វាល Facebook ក្លែងក្លាយ ដែលក្លែងបន្លំជាបុគ្គលិកជំនួយរបស់ក្រុមហ៊ុន Meta។ អ្នកវាយប្រហារប្រើប្រូហ្វាលចំនួន 3,200ប្រូហ្វាល ដែលត្រូវបង្កើតឡើងដោយខ្លួនឯង ឬហេគពីអ្នកប្រើប្រាស់ពិតប្រាកដ។ ក្នុងចំណោមប្រូហ្វាលក្លែងក្លាយទាំងនេះ មានប្រូហ្វាលក្លែងក្លាយចំនួន 1200ប្រូហ្វាល ត្រូវបង្កើតឡើងក្នុងខែមីនាតែមួយខែគត់។ ផេកទាំងនោះត្រូវបង្កើតឡើងមិនតិចជាង 20ភាសាផ្សេងៗគ្នា។ ប្រូហ្វាលភាគ ដែលក្លែងខ្លួនជាបុគ្គលិកសន្តិសុខក្រុមហ៊ុន Meta បង្ហោះខ្លឹមសារជាភាសាអង់គ្លេស។ តំណភ្ជាប់ (Link) ដែលបង្ហោះនៅលើទំព័រក្លែងក្លាយទាំងនេះបង្វែរទិសដៅជនរងគ្រោះដែលមានសក្តានុពលទៅកាន់វេបសាយបន្លំមិនតិចជាង 220វេបសាយ ដែលមានផ្ទុកម៉ាកយីហោរបស់ក្រុមហ៊ុន Meta ឬក្រុមហ៊ុន Facebook។ វេបសាយទាំងនេះត្រូវប្រើប្រាស់ជាធម្មតាសម្រាប់ការវាយប្រហារលួចបន្លំ phishing ឬការវាយប្រហារហេគផ្សេងៗ។
ប្រូហ្វាលក្លែងក្លាយមានដូចជា Restriction Account Business Information និង Page Standard-Community Recovery ក្លែងធ្វើជាក្រុមជំនួយបច្ចេកទេស។ អ្នកបោកប្រាស់បង្កើតផេកជាច្រើនដោយប្រើគណនីទាំងនេះ និងផ្សព្វផ្សាយការបង្ហោះដែលទាក់ទងនឹងការរំលោភលើបទដ្ឋានរបស់ក្រុមហ៊ុន Facebook។ នៅក្នុងការបង្ហោះទាំងនោះ ប្រូហ្វាលរបស់ជនរងគ្រោះដែលជាគោលដៅត្រូវធេកចូលដោយប្រាប់ពួកគេអំពីការបំពាន និងជំរុញឱ្យពួកគេផ្ទៀងផ្ទាត់គណនីរបស់ពួកគេ។ គោលដៅសំខាន់ៗរួមមានតារាល្បី បុគ្គលសាធារណៈ ក្រុមកីឡា និងអាជីវកម្មផ្សេងៗជាដើម។ អ្នកបោកប្រាស់ព្យាយាមចូលប្រើគណនី Facebook របស់ពួកគេ និងលួចព័ត៌មានសំខាន់ៗ។ គេសង្កេតឃើញការប៉នប៉ងមួយចំនួនដើម្បីចូលប្រើគណនីបន្ថែមដែលភ្ជាប់ទៅគណនីទាំងនេះ។
សរុបជារួមមក ការបោកប្រាស់ចុងក្រោយបំផុតដែលបំពានលើយីហោក្រុមហ៊ុន Facebook និងក្រុមហ៊ុន Meta គូសបញ្ជាក់ពីការពិតដែលថាអ្នកបោកប្រាស់កំពុងបន្តខិតខំប្រឹងប្រែងដើម្បីទាក់ទាញជនរងគ្រោះដែលមិនសង្ស័យ ដោយប្រើប្រាស់ការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ទាំងនោះលើម៉ាកយីហោរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់ត្រូវជំរុញឱ្យអនុវត្តអនាម័យឌីជីថល ដែលមានដូចជាការប្រើប្រាស់ពាក្យសម្ងាត់ផ្សេងគ្នាសម្រាប់គណនីផ្សេងៗគ្នា និងមានការប្រុងប្រយ័ត្ននៅពេលដែលដោះស្រាយចំពោះការប៉ុនប៉ងបន្លំបែបនេះ៕
ប្រភព cyware ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣