កម្មវិធី Gmail មានចំនួនអ្នកប្រើច្រើនជាងគេដែលមានចំនួន 1.5ពាន់លាននាក់។ អ្នកប្រើប្រាស់កម្មវិធីនេះមានចំនួនប្រមាណជា 18.75% នៃចំនួនប្រជាជនពិភពលោក។ កម្មវិធី Gmail មានភាពល្បីល្បាញសម្រាប់មុខងារសុវត្ថិភាពរបស់វា ដែលរារាំងក្រុមហេគឃ័រពីការកាន់កាប់គណនីអ្នកប្រើប្រាស់។
កម្មវិធី Gmail បញ្ចេញមុខងារថ្មីមួយដែលបង្ហាញសញ្ញាធីកពណ៌ខៀវសម្រាប់ម៉ាកយីហោរដែលអនុម័តដូចជា Apple និង Google ជាដើម។ ប្រព័ន្ធនេះត្រូវណែនាំសម្រាប់ការបែងចែកឱ្យដាច់រវាង សារឥតការ និងអ៊ីម៉េលស្របច្បាប់របស់ក្រុមហ៊ុន។ ទោះយ៉ាងណាក៏ដោយ តួអង្គគំរាមកំហែងរកឃើញវិធីថ្មីមួយដើម្បីបំពានមុខងារនេះដោយការផ្ញើសារអ៊ីម៉េលឥតការ និងសញ្ញាធីកពណ៌ខៀវដែលផ្ទៀងផ្ទាត់។

Gmail Checkmark System គឺជាមុខងារមួយដែលត្រូវណែនាំដើម្បីជួយអ្នកប្រើប្រាស់ក្នុងការប្រឆាំងនឹងសារអ៊ីម៉េលឥតការ។កំហុសត្រូវរកឃើញដោយអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព លោក Chris Plummer ដែលរាយការណ៍អំពីបញ្ហានេះទៅកាន់ក្រុមហ៊ុន Google។ ជាអកុសល កំហុសនេះត្រូវឆ្លើយតបថាជា អាកប្បកិរិយាចេតនា និងមានការបញ្ចេញមតិតបថា នឹងមិនជួសជុលទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវផ្តល់ជាឧទាហរណ៍ដោយលើកបង្ហាញពីការបញ្ជូនអ៊ីម៉េលមិនស្របច្បាប់។ បន្ទាប់ពីអ្នកស្រាវជ្រាវផុសសារលើបណ្តាញសង្គមទ្វីតធ័រជាបន្តបន្ទាប់ ក្រុមហ៊ុន Google យកបញ្ហានេះជាអាទិភាពកំពូល (P1) ហើយបច្ចុប្បន្នកំពុងដោះស្រាយបញ្ហានេះ។
ក្រុមហ៊ុន Google ថែមទាំងសុំទោសចំពោះការឆ្លើយតបដំបូង និងលើកឡើងថា “បន្ទាប់ពីពិនិត្យមើលឱ្យដិតដល់ យើងដឹងថានេះពិតជាមិនដូចជាភាពងាយរងគ្រោះ SPF ទូទៅនោះទេ។ ដូច្នេះហើយ យើងកំពុងបើកវាឡើងវិញ ហើយក្រុមការងារបច្ចេកទេសកំពុងពិនិត្យមើលឲ្យដិតដល់នូវអ្វីដែលកំពុងកើតឡើង។ យើងសូមអភ័យទោសម្តងទៀតចំពោះការភ័ន្តច្រឡំ ហើយយើងយល់ថាការឆ្លើយតបដំបូងរបស់យើងអាចធ្វើឱ្យអ្នកខកចិត្ត។ សូមអរគុណជាខ្លាំងសម្រាប់ការលើកជាឧទាហរណ៍ដល់ពួកយើងដើម្បីពិនិត្យមើលបញ្ហាឱ្យកាន់តែច្បាស់”។
អ្នកស្រាវជ្រាវគ្រប់រូបកំពុងចំណាយពេលជាច្រើនក្នុងការស្វែងរកភាពងាយរងគ្រោះដែលមានអាទិភាពខ្ពស់នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ក្រុមហ៊ុនជាច្រើនបិទសំបុត្រដែលមានអាទិភាពខ្ពស់មួយរំពេច ហើយនិយាយថា នឹងមិនជួសជុលបញ្ហា ដែលបណ្តាលឱ្យអ្នកស្រាវជ្រាវសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ត្រូវទទួលរងការអាម៉ាស់។ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវស្នើសុំឱ្យពិនិត្យមើលឱ្យដិតដល់ចំពោះភាពងាយរងគ្រោះណាមួយដែលរកឃើញមុននឹងបញ្ជាក់ថាវាមិនត្រឹមត្រូវ៕
ប្រភព gbhackers ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣