ក្រុមហេគឃ័រដែលគាំទ្រដោយរដ្ឋនៃប្រទេសកូរ៉េខាងជើងដែលមានឈ្មោះហៅថា Lazarus ទើបតែធ្វើការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងដ៏គ្រោះថ្នាក់ CVE-2022-47966 នៅក្នុង ManageEngine ServiceDesk របស់ Zoho ដើម្បីវាយប្រហារទៅលើរចនាសម្ព័ន្ធនៃស្ថាប័នជាច្រើនដែលក្នុងនោះមានវិស័យសុខាភិបាល និងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតផងដែរ។
យុទ្ធនាការជាច្រើនចាប់ផ្តើមនៅដើមឆ្នាំនេះ ហើយវាមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងការចែកចាយមេរោគ QuiteRAT malware និង remote access trojan (RAT) ដែលក្រុមអ្នកស្រាវជ្រាវហៅថា CollectionRAT។
ក្រុមអ្នកស្រាវជ្រាវ Cisco Talos រកឃើញនូវការវាយប្រហារជាច្រើនទៅលើក្រុមហ៊ុនអ៊ីនធឺណិតនៅក្នុងចក្រភពអង់គ្លេសនៅដើមឆ្នាំ 2023 នេះនៅពេលដែលក្រុមហេគឃ័រ Lazarus Lazarus បានកេងប្រវ័ញ្ចទៅលើចន្លោះប្រហោង CVE-2022-47966 ដែលមាននៅលើផលិតផល Zoho ManageEngine ។ ក្រុមហេគឃ័រនេះមានគោលដៅចែកចាយមេរោគ QuiteRAT malware ទៅកាន់ក្រុមហ៊ុនស្ថាប័នផ្គត់ផ្គង់ថាមពលជាច្រើននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ គួរបញ្ជាក់ផងដែរថា សមត្ថភាពនៃមេរោគ CollectionRAT គឺអាចប្រតិបត្តិកូដអាក្រក់ពីចម្ងាយ ហើយវាក៏អាចលួចទិន្នន័យសំខាន់បានថែមទៀត៕