គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បានពិន័យក្រុមហ៊ុន TikTok ជាមួយនឹងទឹកប្រាក់ 345 លានអឺរ៉ូ (368 លានដុល្លារ) សម្រាប់ការរំលោភលើឯកជនភាពរបស់កុមារដែលមានអាយុចន្លោះពី 13 ទៅ 17 ឆ្នាំ ខណៈពេលដែលក្រុមហ៊ុននៅតែកំពុងដំណើរការទិន្នន័យរបស់ពួកគេ។
នៅក្នុងការចាប់ផ្តើមនៅក្នុងខែកញ្ញាឆ្នាំ 2021 នេះ ការស៊ើបអង្កេតទៅលើការអនុវត្តដំណើរការទិន្នន័យរបស់ក្រុមហ៊ុនបានពិនិត្យមើលពីរបៀបដែល TikTok គ្រប់គ្រងទិន្នន័យរបស់កុមារចាប់ពីថ្ងៃទី 31 ខែកក្កដា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020។ អាជ្ញាធរការពារទិន្នន័យអៀរឡង់បានរកឃើញថា TikTok បានបំពានទៅលើមាត្រា 5(1)(c), 5(1)(f), 24(1), 25(1), 25(2), 12(1), 13(1) (e) និង 5(1)(a) នៃបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុប។
អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ profile settings របស់ TikTok នៅលើគណនីរបស់កុមារនោះគឺអនុញ្ញាតអោយសាធារណៈជនអាចធ្វើការមើលឃើញបានទាំងក្នុង និងក្រៅ platform នេះ។ សម្រាប់មុខងារ ‘Family Pairing’ របស់ក្រុមហ៊ុន TikTok នេះគឺត្រូវរកឃើញថាបង្ករនូវកំហុសដោយសារតែវាអនុញ្ញាតអោយអ្នកប្រើប្រាស់ដែលមិនមែនជាកូនមិនអាចបញ្ជាក់អត្តសញ្ញាណបានថាពួកគេជាឪពុកម្តាយ ឬអាណាព្យាបាលបានទេ។ នេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យដែលអាចកើតមានចំពោះអ្នកប្រើប្រាស់ជាកុមារ ដោយសារអ្នកប្រើប្រាស់ដែលមិនមែនជាកុមារទទួលបានលទ្ធភាពបើកមើលសារដោយផ្ទាល់ (Direct Messages) បាន។
បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន TikTok ក៏បរាជ័យក្នុងការផ្តល់ព័ត៌មានតម្លាភាពគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់វ័យក្មេងរបស់ខ្លួន ដូច្នេះវារារាំងសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងពេញលេញអំពីការអនុវត្តដំណើរការទិន្នន័យរបស់វេទិកា។លើសពីនេះ DPC បានរកឃើញថា TikTok ប្រើ “dark patterns” ក្នុងអំឡុងពេលដំណើរការចុះឈ្មោះ និងពេលបង្ហោះវីដេអូ ដោយធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅរកការជ្រើសរើសជម្រើសដែលមិនអាចការពារទៅលើឯកជនភាពរបស់ពួកគេបានថែមទៀត៕