ក្រុមហ៊ុនបច្ចេកវិទ្យា Yahoo ត្រូវគេមានការប៉ាន់ប្រមាណថាមានការបែកធ្លាយនូវទិន្នន័យនៃគណនីអ៊ីម៉ែលកើនឡើងដល់ទៅ ៣ ដងនៅក្នុងឆ្នាំ ២០១៣ ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសថា អ្នកប្រើប្រាស់ចំនួន ៣ ពាន់លានគណនីដែលប្រើប្រាស់អ៊ីម៉ែល Yahoo អាចនឹងមានការខូចខាតទៅលើទិន្នន័យរបស់ពួកគេ។ Oath ដែលជាក្រុមហ៊ុនធំរបស់ Yahoo បញ្ជាក់នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនមានការផ្តល់ជូនការជូនដំណឹងទៅកាន់គណនីអ្នកប្រើប្រាស់ដល់ទៅ ២ ពាន់លានដែលរងការប៉ះពាល់តាមរយៈការបែកធ្លាយទិន្នន័យនៅក្នុងឆ្នាំ ២០១៣ ។ នៅក្នុងខែធ្នូ គណនីរបស់ Yahoo ចំនួនច្រើនជាង ១ ពាន់លានត្រូវបែកធ្លាយនៅលើអនឡាញហើយវាគឺជាការបែកធ្លាយធំបំផុតទៅលើគណនីអ្នកប្រើប្រាស់។
នៅក្នុងពេលនោះ ក្រុមហ៊ុន Yahoo និយាយថា ព័ត៌មាននៃការលួចរបស់ក្រុមហេគឃ័ររួមមាននូវឈ្មោះ អ៊ីម៉ែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត លេខសម្ងាត់ (ការប្រើប្រាស់ MD5) និងជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតនៅមិនតាន់រកឃើញនូវក្រុមហេគឃ័រដែលទទួលពាក្យសម្ងាត់នៅក្នុងអត្ថបទច្បាស់លាស់ ទិន្នន័យការប្រើប្រាស់កាតដើម្បីចំណាយ និងព័ត៌មានធនាគារថែមទៀត។ នៅក្នុងការប្រកាសនាពេលថ្មីៗនេះ ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះត្រូវដោះស្រាយរួចរាល់ហើយនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមធ្វើសកម្មភាពដើម្បីការពារនូវគណនីទាំងអស់របស់ខ្លួន។ ក្រុមហ៊ុន Yahoo ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ចំនួន ១ ពាន់លាននាក់ដែលរងផលប៉ះពាល់តាមរយៈការទាមទារអោយអ្នកប្រើប្រាស់ទាំងនោះធ្វើការផ្លាស់ប្តូរលេខសម្ងាត់ និងសំណួរសុវត្ថិភាព ដូច្នេះហេគឃ័រមិនអាចចូលទៅប្រើប្រាស់គណនីអ៊ីម៉ែលបាននោះទេ៕