ជាថ្មីម្តងទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ជួបនូវបញ្ហានៅលើ Privacy របស់អ្នកប្រើប្រាស់។ ថ្មីៗនេះ បណ្តាញសង្គមយក្សមួយនេះទទួលការពិន័យយ៉ាងខ្លាំងទៅលើការរំលោភ Privacy របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអេស្ប៉ាញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Google ក៏ទើបតែទទួលការផាកពិន័យទឹកប្រាក់ 2.7 ពាន់លានដុល្លារអាមេរិចដោយ European Antitrust ដោយសារតែការផ្តល់នូវលទ្ធផលនៃការ Search មិនស្មើរភាពគ្នានោះចាប់តាំងពីឆ្នាំ 2008 មក។ ឥឡូវនេះ ទីភ្នាក់ងារ Spanish Data Protection Agency (AEPD) ប្តឹងទារទឹកប្រាក់ 1.4 លានដុល្លារអាមេរិចពីក្រុមហ៊ុន Facebook ដោយសារតែល្មើសច្បាប់ទៅលើការការពារព័ត៌មាន និងភាពសម្ងាត់របស់អ្នកប្រើប្រាស់។ យោងតាមអ្នកឃ្លាំមើលការការពារទិន្នន័យ បណ្តាញសង្គមនេះបានប្រមូលនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហើយស្វែងរកប្រាក់ចំណេញតាមរយៈការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងនោះជាមួយនឹងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកទីផ្សារ។ AEPD រកឃើញថា ក្រុមហ៊ុន Facebook ប្រមូលនូវទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជាជំនឿ សាសនា ចំណង់ចំណូលចិត្ត ភេទ ការស្វែងរក និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទៅរក្សាទុកនៅក្នុង Services របស់ខ្លួនដោយមិនមានការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់នោះទេ។ សកម្មភាពនេះគឺខុសទៅនឹងច្បាប់ការពារទិន្នន័យក្នុងតំបន់ (LOPD) ដែលអាជ្ញាធរពិន័យត្រូវពិន័យក្រុមហ៊ុននេះជាមួយនឹងទឹកប្រាក់ $718,062 ។ ទន្ទឹមនឹងនេះ វាក៏មានការរំលោភទៅលើច្បាប់ពីរផ្សេងទៀតគឺ ១. ការតាមដានមនុស្សតាមរយៈការប្រើប្រាស់ Like Button Social Plug-ins នៅក្រៅពី Facebook Web Pages ត្រូវទទួលការពិន័យ $359,049 ២. ការបរាជ័យក្នុងការលុបទិន្នន័យដែលប្រមូលពីអ្នកប្រើប្រាស់ក្រោយពេលដែលអ្នកប្រើប្រាស់ឈប់ប្រើប្រាស់ Facebook ត្រូវទទួលការពិន័យ $359,049 ។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែឧសភា ក្រុមហ៊ុនបណ្តាញសង្គម Facebook ទទួលនូវការពិន័យទឹកប្រាក់ដល់ទៅ $179,532 នៅពេលដែលក្រុមហ៊ុន Facebook តាមដានអ្នកប្រើប្រាស់ និងផ្តោតទៅលើការផ្សព្វផ្សាយនោះ៕