សហរដ្ឋ​អាមេរិក ៖ តើ​អ្វី​ទៅ​ជា ការ​ប្រកាសអាសន្នជាតិ ?

0

គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ១៣ មករា នេះ ការ​ជាប់​គាំង​រដ្ឋបាល ឬ​Shutdown​ ការ​បិទ​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក បាន​ឈាន​ចូល​ដល់​ថ្ងៃទី ២៣​។ វិបត្តិ​ថវិកា កំពុង​ស្ថិត​ក្នុង​ភាពទ័ល​ច្រក​ទាំង​ស្រុង ដែល​មាន​ច្រក​ចេញ​តែ​មួយ​គត់ នោះគឺការ​ចេញ​ក្រិត្យ​ប្រកាសអាសន្ន​ជាតិ !  ​​​ដូច​ធ្លាប់​បាន​គំរាម លោក​ដូណាល់ ត្រាំ បាន​អះអាង​ជា​ថ្មី​នៅ​ថ្ងៃម្សិលមិញ​ ថាលោក​អាច​ទម្លាយ​ភាព​ទ័លច្រក​​បាន​ ​ក្នុង​រយៈ​ពេល​តែ​១៥​នាទីប៉ុណ្ណោះ ដោយ​ប្រើ​នីតិវិធី​ប្រកាស​អាសន្នជាតិ​នេះ ! តើ​ការ​​​ប្រកាស​អាសន្នជាតិ មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច ?

ដើម្បី​អាច​ប្រកាស​អាសន្ន​ជាតិ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ត្រូវ​សរសេរ​លិខិត​ប្រកាស​ ដោយ​សំណេរ​ផ្ទាល់​ដៃ ជាមួយ​នឹង​ជា​លម្អិត​ថា តើ​សេតវិមាន​នឹង​មាន​ដឹកនាំ​អំណាច​បែប​ណា ពេល​ដាក់​ប្រទេសក្នុង​អាសន្នជាតិ។ លោក ដូណាល់ ត្រាំ អាច​នឹង​មាន​ជម្រើស​ច្រើន​ ណាស់ បើ​ប្រៀប​ទៅ​នឹង​ពេល​ធម្មតា​។

ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​មិន​អាច​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ រាលដាល​ទៅ​ជា​ការ​ប្រើ​អំណាច​បែប​ផ្តាច់ការ​បាន​ឡើយ​ ! ការ​ប្រកាស​អាសន្ន​ជាតិ National Emergencies Act ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៦ និង​ធ្លាប់​ត្រូវ​បាន​ប្រធានាធិបតីមុនៗ ប្រកាស​ប្រើ​សរុប​ប្រមាណ​ដល់​ទៅ​៥៨​ដង​។ ជា​ដំណើរការ​ដែល​ប្រធានាធិបតីអាមេរិក​តែង​ពឹង​ពាក់​​​ជា​​ញឹកញាប់ ៖ ប្រធានាធិបតី​ ប៊ូស​បាន​ប្រកាស​ប្រើ​ដល់​ទៅ​១២​ដង លោក​បារ៉ាក់ អូបាម៉ា ១៣​ដង លោក ប៊ីលគ្លីនតុន​១៧​ដង។

ការ​ប្រកាស​អាសន្ន​ជាតិ ជា​ផ្នែក​មួយ​​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក មាន​ន័យ​រយៈ​ពេល​នៃ​កា​រប្រកាស​អាសន្ន​ ត្រូវ​មាន​កំណត់ មួយឆ្នាំ តែ​អាច​ពន្យារ​ពេល​បាន។ ប្រធានាធិបតី​អាច​ប្រើ​ច្បាប់​ប្រកាស​អាសន្ន​ជាតិ ដោយ​សេរី​មិន​ថា​ក្នុង​វិស័យ​អ្វី​ទេ។​ ​តែ​​​រាល់​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​នៅ​ក្នុង​​ពេល​ប្រកាស​អាសន្នជាតិ អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ។

ដូច្នេះ​មាន​ន័យ​ថា​លោក​ត្រាំ ពិត​ជា​អាច​ប្រកាស​អាសន្ន​ជាតិ​ដើម្បីបាន​​ហិរញ្ញវត្ថុ​ទៅ​សាង​សង់​ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក ឬ ?! បើ​តាម​ក្បួន លោក ត្រាំ​ ពិត​ជា​អាច​ធ្វើ​ដូច្នេះ​បានមែន ! បើ​តាម​ច្បាប់ ​​ប្រធានាធិបតី ថែម​ទាំង​អាច​​ទៅ​ដក​យក​មូលនិធិ​ស៊ីវិល ឬ​យោធា ដែល​កម្កល់​ទុក​​សម្រាប់​ជួយ​ជនគ្រោះពេល​មាន​គ្រោះ​ធម្មជាតិ​ មក​ប្រើ​ក៏​បាន​ដែរ។ ជាង​នេះទៅ​ទៀត ច្បាប់​អនុញ្ញត​ឱ្យ​ប្រធានាធិបតី​ប្រើ​យោធា​ទៅ​ស្នើ​យក​ដី​ឯកជន​ ឬ​របស់ពលរដ្ឋ​ ក្នុង​ការ​សង់​​ជញ្ជាំងនេះ​​ផង​ក៏​បាន។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គ្មាន​នរណា​ដែល​ហ៊ាន​ប្រើ​អំណាច​ដក់​ថ្នាក់​នេះ​ទេ។ ហើយ​ប្រសិន​បើ​លោក​ត្រាំ​សម្រេច​ប្រកាស​អាសន្ន​ជាតិ​មែន នោះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​អាមេរិក​ ដែល​ប្រធានាធិបតីប្រើការ​​ប្រកាស​អាសន្ន​ជាតិ​ដើម្បី​បានលុយ​យក​ទៅ​បំពេញ​កិច្ចសន្យា​នយោបាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here