១.ព័ត៌មានទូទៅ
ឧបករណ៍ផ្ទុកទិន្នន័យចល័តមានដូចជា ប៊ិច USB ឬ ថាសរឹង (hard drive ) មានងាយស្រួលក្នុងការផ្លាស់ទី ហើយអាចផ្ទុកទិន្នន័យដែលមានទំហំធំល្មមគួរសម។ នាបច្ចុប្បន្ននេះក្រុមហ៊ុន និងស្ថាប័នជាច្រើនបានធ្វើការអភិវឌ្ឍន៍ឆ្ពោះ ទៅរកការផ្ទុកទិន្នន័យជាលក្ខណៈឌីជីថល ពីព្រោះតែវាមានភាពងាយស្រួលហើយអាចផ្លាស់ និងយកទិន្នន័យនោះមកប្រើប្រាស់ តែទន្ទឹមនឹងការផ្តល់លក្ខណៈងាយស្រួលនេះ ក៏អាចមានបញ្ហាដែលទិន្នន័យសំខាន់ៗផ្សេងៗ ដែលបានផ្ទុកក្នុងឧបករណ៍នោះត្រូវបានគេលួច ឬបាត់បង់។
២.តើអ្នកគួរការពារទិន្នន័យនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យយ៉ាងដូចម្តេច?
- អ្នកគួរធ្វើកូដនីយកម្ម (encryption) ទៅលើឯកសារសំខាន់ៗមុននឹងរក្សាទុកនៅលើឧបករណ៍ផ្ទុកទិន្នន័យចល័ត។
- ការធ្វើកូដនីយកម្ម អ្នកអាចប្រើប្រាស់កម្មវិធីមួយចំនួន ដែលអាចអោយអ្នកធ្វើការចាក់សោរនៅលើទិន្នន័យ ដោយប្រើពាក្យសម្ងាត់ ហើយអ្នកអាចយកមកប្រើវិញ ដោយត្រូវបញ្ចូលពាក្យសម្ងាត់ដែលអ្នកបានបង្កើត នៅពេលចាក់សោរការពារទិន្នន័យទាំងនោះ។
- ឬអ្នកអាចធ្វើកូដនីយកម្មទៅលើឧបករណ៍តែម្តងដើម្បីការពារទិន្នន័យទាំងអស់នៅលើឧបករណ៍នោះ នៅពេលបាត់បង់ ឬត្រូវបានគេលួច។
៣.តើហានិភ័យនៃការប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យចល័តមានអ្វីខ្លះ?
- ឧបករណ៍ផ្ទុកទិន្នន័យចល័ត អាចឆ្លង ឬផ្ទុកមេរោគដែលអ្នកមិនបានដឹង ហើយអាចចម្លងទៅកាន់កំព្យូទ័ររបស់អ្នកបាន
- នៅពេលដែលឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់អ្នកត្រូវបានឆ្លងមេរោគ ទិន្នន័យដែលនៅក្នុងឧបករណ៍អាចមានការបាត់បង់ ឬ ការខូចខាត ដោយការបំផ្លិចបំផ្លាញពីមេរោគ
- ម្យ៉ាងទៀត ដោយសារតែឧបករណ៍ផ្ទុកទិន្នន័យ មានទំហំតូច និងអាចចល័តបានវាមានភាពងាយស្រួលក្នុងការបាត់បង់ ឬអ្នកអាចភ្លេចឧបករណ៍នោះជារឿយៗនៅកន្លែងណាមួយ ដោយអចេតនា ហើយត្រូវបានអ្នកដ៏ទៃយកទៅប្រើប្រាស់ដោយ គ្មានការអនុញ្ញាត
៤.វិធីសាស្រ្តកាពារ
- ដើម្បីការពារពីមេរោគ អ្នកគួរប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនៅលើកុំព្យូទ័រ ហើយត្រូវធ្វើការស្កេនមេរោគនៅលើឧបករណ៍ អោយបានទៀងទាត់។
- រក្សាទិន្នន័យផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នកដាច់ដោយឡែកពីគ្នា។
- បិទមុខងារដំណើរការដោយស្វ័យប្រវិត្ត Autorun និង Autoplay រាល់ឧបករណ៍ media ទាំងអស់ ដើម្បីការពារ កុំព្យូទ័ររបស់អ្នក មិនឱ្យបើកដំណើរការឧបករណ៍នោះដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកភ្ជាប់ទៅកាន់កុំព្យូទ័រ ។ការបើកដំណើរការមុខងារទាំងអស់នេះ អាចនាំអោយកុំព្យូទ័ររបស់អ្នកអាចឆ្លងមេរោគ ដែលមាននៅលើឧបករណ៍ ផ្ទុកទិន្នន័យចល័តបាន។
- ការពារសុវត្ថិភាពទិន្នន័យទាំងអស់របស់អ្នក ដោយការធ្វើកូដនីយកម្ម ហើយបន្ថែមពីនេះអ្នកគួររក្សាទុកទិន្នន័យបម្រុង (Backup) នៅទីតាំងដែលមានសុវត្ថិភាពផ្សេងៗទៀតពីឧបករណ៍ផ្ទុកនោះ។
- ត្រូវប្រាកដថាកម្មវិធីទាំងអស់នៅលើកុំព្យូទ័ររបស់អ្នក មានកាអាប់ដេតសុវត្ថិភាព នៅពេលមានការចេញផ្សាយពីចំនុចខ្សោយណាមួយនៅលើកម្មវិធីទាំងនោះ
- នៅពេលបញ្ចប់ការផ្ទេរទិន្នន័យសំខាន់ៗពីឧបករណ៍ USB អ្នកគួរធ្វើការលុបទិន្នន័យសំខាន់នោះចេញពីឧបករណ៍ ដើម្បីការពារការបាត់បង់ ឬការលួចទិន្ន័យសំខាន់ៗពីឧបករណ៍នោះ
- សូមធ្វើការដកឧបករណ៍ផ្ទុកទិន្នន័យ ឧ. USB drive ពីកំុព្យូទ័ររបស់អ្នកដោយត្រឹមត្រូវ (safely remove) ដើម្បីការពារហានិភ័យនៃការខូចខាត ឬបាត់បង់ទិន្ន័យ (corrupt/loss data)។
៥.ឯកសារយោង
http://www.secureverifyconnect.info/securing-your-portable-storage-device