កាលពីដើមឡើយ ក្រុមហ៊ុន Google តែងតែប្រមូលទិន្នន័យទីតាំង និងគេហទំព័ររបស់អ្នកប្រើប្រាស់ ហើយផ្ទុកទិន្នន័យទាំងនោះពុំមានពេលកំណត់ សម្រាប់ឱ្យមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ឬ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ក៏ប៉ុន្តែការធ្វើបែបនេះអាចជាបញ្ហាដល់អ្នកប្រើប្រាស់មួយចំនួន ដែលពុំចង់ឃើញការផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទណាមួយ ឬគេពុំចង់ឱ្យអ្នកដ៏ទៃដឹងពីទីតាំងដែលគេបានទៅ ឬវេបសាយដែលគេបានចូលមើល។
នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ លោកអ្នកនឹងអាចកំណត់រយៈពេល ដើម្បីលុបទិន្នន័យទីតាំង និងវេបសាយបានដោយស្វ័យប្រវត្តិ ក្រោយរយៈពេល ៣ខែ ឬ១៨ខែ ឬទាល់តែលោកអ្នកចូលទៅលុបចោល។ នៅពេលមុខងារនេះដាក់ឱ្យប្រើប្រាស់ លោកអ្នកអាចចូលទៅ Activity Controls Page ហើយមុខងារថ្មីនេះនឹងនៅក្នុង Web & App Activity និង Location History ដូចដែលបានបង្ហាញក្នុងរូបភាពខាងក្រោម៕