ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាប់ជាបុគ្គលដែលចំណាយការផ្សព្វផ្សាយពាណិជ្ជកម្មលើវិស័យនយោបាយច្រើនបំផុតក្នុង Facebook ពោលគឺហក់ដល់ ២៧៤ ០០០ ដុល្លារ គិតតាំងពីខែឧសភា ឆ្នាំ ២០១៨។ តាមពីក្រោយដោយអង្គការក្រៅរដ្ឋាភិបាល Planned Parenthood ឈរនៅលំដាប់ទី ២ ចំណាយអស់ ១៨៨ ០០០ ដុល្លារ ក្នុងថេរវេលាដដែល។
Ads ដែលផ្សព្វផ្សាយពីទំព័ររបស់ប្រធានាធិបតីរូបនេះ បានឃើញដោយមនុស្សជាង ៣៧ លាននាក់ ក្នុងរយៈពេលជិត ៣ ខែ ធៀបនឹង ២៤ លាននាក់ របស់ Planned Parenthood។ ទាំងនេះ ជារបាយការណ៍ដែលយកចេញពីការសិក្សាស្រាវជ្រាវចេញពីសកលវិទ្យាល័យនៃទីក្រុង New York ។
ក្នុងការស្រាវជ្រាវរកឃើញ ៤៣ ៥៧៥ ករណីទាក់ទងនឹងមាតិកានយោបាយ ដោយមិនបង្ហាញឈ្មោះអ្នកផ្សព្វផ្សាយ ប៉ុន្តែបានកំណត់គោលដៅខ្ពស់បំផុតទៅលើអ្នកប្រើប្រាស់ជាបុរស និងស្ត្រីមានអាយុចន្លោះពី ២៥ ទៅ ៣៤ ឆ្នាំ ខណៈភាគរយតិចបំផុតអាយុក្រោម ១៧ ឆ្នាំ ឬ លើសពី ៦៥ ឆ្នាំ៕