លោក Rajeev Suri ជានាយកប្រតិបត្តិក្រុមហ៊ុន Nokia បានលើកឡើងថា ខណៈដែលក្រុមហ៊ុន Huawei កំពុងមានបញ្ហារាំងស្ទះដំណើរទៅមុខនៃបច្ចេកវិទ្យា 5G ផ្ទុយទៅវិញ វាជាពេលវេលាល្អសម្រាប់ Nokia អាចទទួលបានអត្ថប្រយោជន៍រយៈពេលវែង រួមទាំងដំណើរការអភិវឌ្ឍន៍ប្រព័ន្ធ 5G ផងដែរ។
លោកបន្តថា ដូចអ្នកទាំងអស់គ្នាដឹងហើយថា Nokia យឺតយ៉ាវក្នុងការប្រកាសចេញសេវាកម្មបណ្ដាញប្រព័ន្ធ 5G ជាងក្រុមហ៊ុនដទៃទៀតដល់ទៅច្រើនខែ ហើយព្រមទាំងមិនអាចធ្វើការផ្គត់ផ្គង់ ឧបករណ៍ទូរគមនាគមន៍ 5G ទៅកាន់ក្រុមហ៊ុននានាបានទាន់ពេលវេលាដែលកំណត់។
ដូចនេះខណៈពេលដែល Huawei កំពុងត្រូវការពេល ដោះស្រាយនូវបញ្ហា ជាមួយនឹងសហរដ្ឋអាមេរិក ដោយមានក្រុមអ្នកវិភាគមួយចំនួនបានរំពឹងទុកថា Nokia និងក្រុមហ៊ុនទូរគមនាគមន៍ Ericsson នឹងទទួលបានផលប្រយោជន៍ ក្នុងការចែកចាយលក់សេវាកម្ម 5G របស់ខ្លួន។
លើសពីនេះទៅទៀត កាលពីចុងខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Nokia ទទួលបានអតិថិជនត្រឹមតែមួយក្រុមហ៊ុនប៉ុណ្ណោះ ដែលចង់សហការគ្នាទិញយកសេវាកម្មប្រព័ន្ធ 5G ពីក្រុមហ៊ុនរបស់ខ្លួន។
ប៉ុន្តែរបាយការណ៍ថ្មីបានបង្ហាញថា មានក្រុមហ៊ុនរកទិញ ឧបករណ៍ទូរគមនាគមន៍ 5G ពីក្រុមហ៊ុន Nokia កើនឡើងដល់ទៅ 37 ក្រុមហ៊ុនឯណោះ ដែលទាំងនោះរួមាន T-Mobile, AT&T, STC និង Telia។
លោក Rajeev Suri ក៏បានឆ្លើយតបបន្ថែម ទៅកាន់អ្នកវិនិយោគ ទាំងអស់នោះទៀតថា គាត់នៅតែមានទំនុកចិត្តថា ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន នឹងនៅបន្ដការកើនឡើង តទៅមុខទៀត។
សម្រាប់ការជួញដូរ ចុងក្រោយ ស្ថិតនៅឯរាជធានី Helsinki ក្នុងប្រទេសហ្វាំងឡង់ គឺបានធ្វើឲ្យភាគហ៊ុន ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nokia កើនឡើងបាន 1.9 ភាគរយថែមទៀត៕
