របាយការណ៍ចុងក្រោយចេញពីការសិក្សារបស់ក្រុមស្រាវជ្រាវផ្នែកចិត្តសាស្ត្រនៃសកលវិទ្យាល័យ Pennsylvania បានបង្ហាញពីទំនាក់ទំនង រវាងការប្រើប្រាស់បណ្ដាញសង្គម និងបញ្ហានៃជំងឺបាក់ទឹកចិត្ត ការធុញថប់អារម្មណ៍ និងភាពឯកាដែលកំពុងជជែកវែកញែកជាសាធារណៈ។
លោកស្រី Melissa G.Hunt នាយកផ្នែកបណ្ដុះបណ្ដាលនៃ Clinical Training និងមិត្តរួមការងារនៅ Upenn បានសាកល្បងតេស្តដោយឲ្យមនុស្សប្រើប្រាស់បណ្តាញសង្គមជាធម្មតាធៀប នឹងការកំណត់ពេលវេលាត្រឹម ១០ នាទីក្នុងមួយថ្ងៃ ។ ការសាកល្បងធ្វើឡើងលើបណ្តាញសង្គមពេញនិយមធំៗ ៣ រួមមាន Instagram, Facebook និង Snapchat ដោយចំណាយពេលសរុប ៣ សប្តាហ៍លើនិស្សិត ១៤៣ នាក់។
លទ្ធផលបង្ហាញយ៉ាងច្បាស់ ពីដំបូងក្រុមសិស្សដែលមានជំងឺបាក់ទឹកចិត្ត ក៏ស្រាប់តែថយចុះការដាក់សម្ពាធផ្លូវចិត្តខ្លួនឯង ពោលគឺគ្រប់យ៉ាងហាក់មានភាពល្អប្រសើរបន្ទាប់ពីកាត់បន្ថយពេលវេលាមកប្រើប្រាស់បណ្ដាញសង្គមត្រឹមរយៈពេលកំណត់ ១០ នាទីក្នុងមួយថ្ងៃ។ លទ្ធផលនេះ ក៏ស្របទៅនឹងមតិមួយដែលបានលើកឡើង៖ “ការដែលមិនយកជីវិតរបស់ខ្ញុំទៅប្រៀបធៀបនឹងអ្នកដទៃពិតជាជះឥទ្ធិពលខ្លាំងហួសពីការរំពឹងទុក ហើយខ្ញុំក៏ផ្តើមមានអារម្មណ៍វិជ្ជមានសម្រាប់ខ្លួនឯងច្រើននាប៉ុន្មានសប្ដាហ៍នេះ”។
សរុបមកក្រោយសាកល្បងនេះ បានបញ្ចប់ អ្នកជំនាញបានណែនាំឲ្យអ្នកប្រើប្រាស់គួរដាក់កំហិតពេលវេលាប្រើបណ្ដាញសង្គមត្រឹម ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីពង្រឹងអារម្មណ៍និងសុខភាពផ្លូវចិត្តឲ្យបានល្អ៕