ដោយសារការរីកចម្រើន និងភាពសម្បូរបែបនៃសេវាអ៊ីនធើណេត ពលរដ្ឋកម្ពុជាបច្ចុប្បន្នបានផ្សាភ្ជាប់ជីវភាពរស់នៅក្នុងប្រព័ន្ធបរិក្ខារអ៊ីនធើណេត (Internet of Things – IoT)។ បរិក្ខារអ៊ីនធើណេត គឺជាប្រព័ន្ធឧបករណ៍អេឡិចត្រូនិក ដែលបានតភ្ជាប់គ្នាលើបណ្តាញអ៊ីនធើណេត និងមានសមត្ថភាពបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ។ បរិក្ខារអ៊ីនធើណេត ទាំងនោះរួមមាន៖ ម៉ាស៊ីនអេឡិចត្រូនិក សម្ភារ:ឌីជីថល (ម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទវ័យឆ្លាត ទូរទឹកកកវ័យឆ្លាត ម៉ាស៊ីនបោកគក់វ័យឆ្លាត កាមេរ៉ាសុវត្ថិភាព ឧបករណ៍ផ្សាយពាណិជ្ជកម្ម ឧបករណ៍គ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ ឧបករណ៍ Wifi Router ។ល។)។
ដោយសារការយល់ដឹងអំពីបច្ចេកវិទ្យានៅមានកម្រិត ការតភ្ជាប់ឧបករណ៍បរិក្ខារអ៊ីនធើណេត ប្រឈមនឹងហានិភ័យខ្ពស់ និងអាចក្លាយខ្លួនជាជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ព្រោះឧក្រិដ្ឋជនអាចធ្វើការជ្រៀតចូលប្រព័ន្ធបច្ចេកវិទ្យាដែលជាគោលដៅ តាមរយ:ចន្លោះខ្វះខាតផ្នែកសន្តិសុខ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ ប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យាផ្សេងៗ តួរយ៉ាង៖
– លួចចូលកម្មវិធីគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព
– លួចចូល Wifi Router និងបង្វែរចរាចរណ៍អ៊ីនធើណេតអ្នកប្រើប្រាស់ទៅកាន់គេហទំព័រមេរោគ
– ប្រើប្រាស់ឧបករណ៍បរិក្ខារអ៊ីនធើណេត ចូលរួមក្នុងប្រតិបត្តិការ DDOS (ឧទាហរណ៍ កម្មវិធីមេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ IoT ដើម្បី DDOS គោលដៅនៃការវាយប្រហារផ្សេងៗ )
– ហេកចូលប្រព័ន្ធបច្ចេកវិទ្យា លួច ឬកែប្រែទិន្នន័យ
– ហេកចូលប្រព័ន្ធផលិតកម្ម កែប្រែដំណើរការសង្វាក់ផលិតកម្ម ។ល។
ដូច្នេះដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាពបរិក្ខារអ៊ីនធើណេត អ្នកប្រើប្រាស់គប្បីអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
– ប្រើប្រាស់លេខសម្ងាត់ពិបាកៗ ដើម្បីចាក់សោរប្រព័ន្ធ ឬកម្មវិធី (Password Management)
– ធ្វើការកំណត់សិទ្ធិ និងគ្រប់គ្រងអ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ (User Access Management)
– ប្រើប្រាស់ប្រព័ន្ធ Encryption ក្នុងការបញ្ជូនទិន្នន័យ (ឧទហរណ៍ SSL)
– បិទការបញ្ជាប្រព័ន្ធតាមអ៊ីនធើណេត ប្រសិនមិនចាំបាច់
– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធឲ្យបានទៀងទាត់ (System Patches)