កន្លងមកអស់លោក លោកស្រីធ្លាប់បានដឹងអំពី World Wide Web (www) ដែលជាបណ្តាញគេហទំព័រដែលអាចប្រើប្រាស់បានតាមរយ:បណ្តាញអ៊ីនធឺណេត។ ថ្ងៃនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមបង្ហាញអំពីបណ្តាញណេតវើក Darknet និងបណ្តាញគេហទំព័រ Darkweb ដើម្បីផ្តល់ចំណេះដឹងបច្ចេកវិទ្យាបន្ថែមទៀតសម្រាប់អស់លោកអ្នក។
តើអ្វីទៅជាបណ្តាញណេតវើក Darknet?
Darknet គឺជាណ្តាញណេតវើកងងឹត (Encrypt Network) ដែលមិនអាចចូលដល់ដោយប្រើប្រាស់អ៊ីនធឺណេតធម្មតា ដើម្បីអាចឈានទៅដល់ Darknet អ្នកត្រូវប្រើប្រាស់ឧបករណ៍ ឬកម្មវិធីជំនួយបន្ថែម។ រាល់ការប្រើប្រាស់ទាំងឡាយក្នុងបណ្តាញណេតវើកងងឹតនេះ អត្តសញ្ញាណអ្នកប្រើប្រាស់មិនត្រូវបានបង្ហាញឡើយ (Anonymity) ដែលជាហេតុធ្វើឲ្យវាក្លាយជាជំរកនៃឧក្រិដ្ឋជន ភេរវជន អង្គការចាត់តាំង សកម្មជននយោបាយ ឬរដ្ឋាភិបាលនៃប្រទេសមួយចំនួនប្រើប្រាស់ក្នុងការដំឡើង និងដំណើរប្រព័ន្ធបច្ចេកវិទ្យាគេចចេញពី អ៊ីនធឺណេតដែលមនុស្សទាំងពួងអាចមើលឃើញ។
តើអ្វីទៅជាបណ្តាញគេហទំព័រ Darkweb?
ដូចបានជម្រាបជូនខាងលើ នៅក្នុងបណ្តាញណេតវើកងងឹត (Darknet) គេអាចប្រើប្រាស់បច្ចេកវិទ្យាជាច្រើនជាមធ្យោបាយផ្លាស់ប្តូរទំនាក់ទំនង ដោយឡែកបើយើងនិយាយពី Darkweb គឺសំដៅការផ្លាស់ប្តូរព័ត៌មាន ឬដំណើរការកម្មវិធីផ្សេងៗតាមរយ:គេហទំព័រ (Browser) គេនឹងប្រើប្រាស់កម្មវិធីដែលមានឈ្មោះ The Onion Router (Tor)។ កម្មវិធី Tor Browser អនុញ្ញាតអ្នកប្រើប្រាស់ដំណើរការគេហទំព័រធម្មតា (www) លើបណ្តាញអ៊ីនធឺណេត ក៏ដូចជាបណ្តាគេហទំព័រក្នុងបណ្តាញណេកវើកងងឹត (Darknet) បានផងដែរ។ បណ្តាញគេហទំព័រ Darkweb បានប្រើប្រាស់កម្មវិធី Tor Hidden Service ដើម្បីបង្ហោះគេហទំព័របានពីគ្រប់ទីកន្លែង និងមិនត្រូវបានបង្ហាញអត្តសញ្ញាណអ្នកប្រើប្រាស់ និងម្ចាស់គេហទំព័រឡើយ បណ្តាគេហទំព័រនឹងមានអាសយដ្ឋាន URL បញ្ចប់ដោយ .onion (ឧទាហរណ៍៖ គេហទំព័រស្វែងរកដ៏ល្បីល្បាញឈ្មោះ DuckDuckGo មានអាសយដ្ឋាន 3g2upl4pq6kufc4m.onion)។
សូមបញ្ជាក់ថាការលើកយកអត្ថបទនេះមកបង្ហាញក្នុងគោលបំណងផ្តល់នូវទស្សនទានអំពីបច្ចេកវិទ្យាថ្មីៗ ប៉ុណ្ណោះ ការព្យាយាមចូលទៅកាន់បណ្តាញណេតវើកងងឹត (Darknet) ឬប្រើប្រាស់កម្មវិធីចូលទៅកាន់ បណ្តាញគេហទំព័រ Darkweb អាចផ្តល់ផលអវិជ្ជមានដល់អ្នក ដូចជា៖ ឆ្លងមេរោគកុំព្យូទ័រ ចាញ់ការឆបោកប្រាក់ ធ្លាក់ចូលក្នុងអំពើល្មើសច្បាប់ ជាដើម។