សេវាកម្មសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី (FSB ) និយាយថា ពួកគេបានធ្វើការទប់ស្កាត់ការវាយប្រហារភេរវកម្មនៅផ្សារមួយកន្លែងនៅក្នុងទីក្រុង Simferopol នៃរដ្ឋធានីគ្រីមា (Crimea)។
ការិយាល័យសារព័ត៌មាន FSB បានប្រាប់ភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធនេះថា ជនសង្ស័យជាជនជាតិរុស្ស៊ីចំនួន ៥នាក់ ដែលបានរក្សាទំនាក់ទំនងជាមួយកងកម្លាំងផ្តាច់ខ្លួនអ៊ុយក្រែនត្រូវបានចាប់ឃុំខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មានសេចក្តីថា៖
“បុគ្គលទាំងនោះកំពុងរៀបចំផែនការបំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅផ្សារមួយកន្លែងនៃមជ្ឈមណ្ឌលសាធារណរដ្ឋ ហើយថែមទាំងបានផ្សព្វផ្សាយមនោគមវិជ្ជានៃអំពើរភេរវកម្ម និងភាពជ្រុលនិយមនៅលើបណ្តាញអ៊ិនធឺរណិត” ។
ភ្នាក់ងារ FSB និយាយថា កងកម្លាំងសន្តិសុខបានរឹបអូសយកគ្រឿងផ្ទុះកែច្នៃ អាវុធ គ្រាប់រំសេវ ឧបករណ៍ទាក់ទង ជាមួយនឹងព័ត៌មានលើផែនការធ្វើភេរវកម្ម។ របាយការណ៍នោះបានបន្ថែមទៀតថា ការកំណត់អត្តសញ្ញាណអ្នកសមគំនិតស្ថិតនៅក្នុងដំណើរការដើម្បីអាចកំណត់អត្តសញ្ញាណរបស់អ្នកជាប់ឃុំទាំងនោះ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០









