កងកម្លាំងអ៊ីស្រាអែលបើកការវាយប្រហារទៅលើមូលដ្ឋានយោធានៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសស៊ីរីនៅល្ងាចថ្ងៃអង្គារ ដែលហេតុការណ៍នេះ បានសម្លាប់ទាហានចំនួន ២នាក់ និងបណ្តាលឱ្យមនុស្សចំនួន ៤នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារនោះបានកំណត់គោលដៅទៅលើទីតាំងយោធាមួយនៅក្នុងតំបន់ Kabajeb ភាគខាងលិចនៃខេត្ត Deir al-Zour និងតំបន់ Sukhneh ដែលស្ថិតនៅតំបន់ដាច់ស្រយាលនៅភាគខាងកើតនៃខេត្ត Homs។
ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើទីតាំងយោធា ដែលជាកម្មសិទ្ធិរបស់កងជីវពលអ៊ីរ៉ង់នៅតំបន់តាមទីជនបទ Sweida និង Deir al-Zour។ ប្រភពបន្ថែមថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានឆ្លើយតបទៅនឹងការវាយប្រហារនោះ។
គួររំលឹកផងដែរថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួនរាប់រយដងប្រឆាំងនឹងគោលដៅអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងបញ្ចូនក្បួនដឹកជញ្ជូនអាវុធទៅកាន់ក្រុមសកម្មប្រយុទ្ធ Shiite Hezbollah៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០









