អ្នកនាំពាក្យរដ្ឋបាលខេត្ត Wahida Shahkar និយាយថា សមាជិករបស់សកម្មប្រយុទ្ធសរុបចំនួន ១៧នាក់ត្រូវបានបញ្ជាក់ថាស្លាប់ខណៈដែលយន្តហោះប្រយុទ្ធអាហ្វហ្គានីស្ថានបានកំណត់គោលដៅទៅលើការប្រមូលផ្តុំរបស់ក្រុមតាលីបង់នៅក្នុងខេត្ត Parwan ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ។
ការវាយឆ្មក់តាមអាកាសចាប់ផ្តើមឡើងនៅពេលដែលសមាជិកក្រុមឧទ្ទាមតាលីបង់មានចំនួនច្រើនជាង២០០នាក់កំពុងរៀបចំផែនការវាយប្រហារលើចំណុចត្រួតពិនិត្យរបស់កងជីវពលគាំទ្ររដ្ឋាភិបាលនៅស្រុក Koh-e-Safi នៅថ្ងៃអង្គារនេះ។
លោក Shahkar មានប្រសាសន៍ថា មេបញ្ជាការជាន់ខ្ពស់តាលីបង់ លោក Mohammad Nabi ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ពីការវាយប្រហារនោះដែរ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលមានសកម្មនៅតំបន់មួយចំនួននៃខេត្ត Parwan មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយនោះទេ។
គួររំលឹកផងដែរថា នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា សប្តាហ៍មុនក៏មានប្រតិបត្តិការវាយប្រហារលើការប្រមូលផ្តុំរបស់ក្រុមបះបោរតាលីបង់ធ្វើឡើងនៅក្នុងភូមិ Tawsang នៃស្រុក Dehyak នៅម៉ោង ២និង៣០នាទីរសៀល។ ប្រតិបត្តិការនោះបានសម្លាប់សកម្មប្រយុទ្ធចំនួន១០នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបណ្តាលឱ្យសមាជិកសកម្មយុទ្ធចំនួន៣នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០









