កម្លាំងចម្រុះដឹងនាំដោយអារ៉ាប៊ីសាអូឌីតវាយប្រហារតាមអាកាសលើផ្ទះចំនួន៣ខ្នងនៅក្នុងខេត្ត al-Jawf ភាគខាងជើងប្រទេសយេម៉ែនសម្លាប់មនុស្សចំនួន២៥នាក់។
ពេទ្យនៅក្នុងស្រុកប្រាប់ភ្នាក់ងារព័ត៌មានថា យ៉ាងហោចណាស់មនុស្សចំនួន ២៥នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធ នៅពេលដែលកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើការវាយប្រហារតាមអាកាសលើផ្ទះចំនួន៣ខ្នងនៅក្នុងខេត្ត al-Jawf ភាគខាងជើងប្រទេសយេម៉ែន។
គ្រូពេទ្យនិយាយថា មនុស្សចំនួន០៩នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារតាមអាកាសនៅតំបន់លំនៅដ្ឋាន al-Msaefah ភាគខាងកើតទីក្រុង al-Hazm។ ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។
ទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយឧទ្ទាមហ៊ូទីក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាស និងបានចោទប្រកាន់លើកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតថាកម្លាំងចម្រុះទាំងនោះបានវាយប្រហារលើជនស៊ីវិល។
ពុំទាន់មានការអត្ថាធិប្បាយណាមួយពីកម្លាំងចម្រុះជុំវិញការវាយប្រហារតាមអាកាសនោះទេ។ នេះជាការវាយប្រហារលើកទី២ ក្នុងរយៈមិនដល់មួយសប្តាហ៍ផង។
នៅថ្ងៃអាទិត្យ គ្រួសារមួយដែលមានសមាជិក១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដែលដឹកនាំដោយក្រុមអារ៉ាប៊ីសាអូឌីតនៅក្នុងស្រុក Washhah នៅភាគពាយ័ព្យនៃខេត្ត Hajjah។
ប្រទេសយេម៉ែនបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមHouthi គាំទ្រដោយអ៊ីរ៉ង់បានកាន់កាប់តំបន់ភាគខាងជើងប្រទេសជាច្រើន និងបង្ខំឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រធានាធិបតីអារ៉ាប៊ីសាអូឌីតលោក Mansour Hadi ចេញពីរដ្ឋធានី Sanaa ។
សូមរំលឹកផងដែរថា សម្ព័ន្ធយោធាដឹកនាំដោយកម្លាំងអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះប្រទេសយេម៉ែននៅខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលលោក Hadi ។ ចាប់តាំងពីពេលនោះមក សង្គ្រាមបានសម្លាប់មនុស្សចំនួនរាប់ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សផ្លាស់ទីលំនៅច្រើនជាង ៣លាននាក់ និងបានបណ្តាលឲ្យមនុស្សច្រើនជាង ២០លាននាក់ប្រឈមនឹងភាពអត់ឃ្លាន។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០