ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានសម្លាប់ជនស៊ីវិល០៨នាក់ និងបង្កឲ្យមនុស្សរបួស៣០នាក់

0

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា មានហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តបានកើតឡើងក្នុងខេត្ត Logar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ជនស៊ីវិលចំនួន០៨នាក់​ និងបណ្តាលឲ្យជនស៊ីវិលចំនួន៣០នាក់រងរបួស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា យ៉ាងហោចណាស់មានជនស៊ីវិលចំនួន០៨នាក់ត្រូវបានសម្លាប់ និងចំនួន៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តបានកើតឡើងនៅខេត្ត Logar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាននៅល្ងាចថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យលោក Tariq Arian មានប្រសាសន៍ថា“ឧប្បត្តិហេតុនោះបានកើតឡើងនៅម៉ោង០៧ និង៤០នាទីយប់ ម៉ោងក្នុងតំបន់ Sharwal Square នៃទីក្រុង Pul-e-Alam រដ្ឋធានី Logar។ ព័ត៌មានដំបូងបង្ហាញថា ជនស៊ីវិលចំនួន០៨នាក់ត្រូវបានសម្លាប់ និងចំនួន៣០ នាក់រងរបួស និងមានកុមារមួយចំនួនស្ថិតក្នុងចំណោមជនរងគ្រោះ។”

ប្រភពមន្ត្រីខេត្តបានឲ្យដឹងថា​ មនុស្សចំនួន១៥នាក់ស្លាប់ និងចំនួន៣៥នាក់រងរបួស ហើយនៅមានបុគ្គលិកយោធាជាច្រើននាក់បានរងផលប៉ះពាល់នៅក្នុងហេតុការណ៍នោះ។

ឧប្បត្តិហេតុនោះបានកើតឡើងមុនពេលមានការឈប់បាញ់គ្នារវាងសមាជិកសកម្មប្រយុទ្ធតាលីបង់ និងកងកម្លាំងសន្តិសុខរដ្ឋាភិបាល។ ភាគីទាំងពីរបានឯកភាពគ្នាលើការឈប់បាញ់រយៈពេល០៣ថ្ងៃក្នុងអំឡុងពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យសាសនាប្រចាំឆ្នាំនៃការបូជា។

សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់បានបដិសេធថា ពួកគេមិនមានពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។

ជនស៊ីវិលអាហ្វហ្គានីស្ថាននៅតែបន្តរងគ្រោះដោយសារជម្លោះប្រដាប់អាវុធដោយសារតែជនស៊ីវិលច្រើនជាងចំនួន ១២៨០នាក់ត្រូវបានសម្លាប់ និងចំនួនច្រើនជាង ២ ១៧០នាក់ផ្សេងទៀតបានរងរបួសពីការប្រយុទ្ធគ្នានៅក្នុងប្រទេសនោះនៅក្នុងរយៈពេល ០៦ខែដំបូងក្នុងឆ្នាំ២០២០នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន (UNAMA) ។

សរុបមក UNAMA បានសន្និដ្ឋានថាជនស៊ីវិលចំនួន៥៨ភាគរយរងការសម្លាប់ពីក្រុមតាលីបង់ និងក្រុមបះបោរផ្សេងទៀត ហើយជនស៊ីវិលចំនួន២៣ភាគរយរងគ្រោះពីកងកម្លាំងសន្តិសុខ និង១៩ ភាគរយទៀតបណ្តាលមកពីមូលហេតុផ្សេងទៀត។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here