នៅថ្ងៃអាទិត្យ ទី០២ ខែសីហា សប្តាហ៍មុននេះ កងទ័ពជាតិសូម៉ាលី (SNA) សម្លាប់សកម្មប្រយុទ្ធអាល់សាបាប(al-Shabab) ចំនួន០៥នាក់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅភាគខាងត្បូងនៃតំបន់ Lower Juba ។
លោក Isma’il Abdi Malik Malin មេបញ្ជាការអង្គភាពទី១៦ របស់កងទ័ពជាតិ SNA បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កងទ័ពបានធ្វើប្រតិបត្តិការមួយនៅក្នុងទីប្រជុំជន Jamame បណ្តាលឲ្យសមាជិកសកម្មប្រយុទ្ធស្លាប់ និងរងរបួស។ លោក Malin មានប្រសាសន៍ថា កងកម្លាំងរបស់លោកបានកម្ទេចមូលដ្ឋានជាច្រើន ដែលជាកន្លែងលាក់ខ្លួនរបស់សមាជិកក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ ហើយថែមទាំងបានសម្លាប់មនុស្សចំនួន០៥នាក់នៅក្នុងការប្រឈមមុខដាក់គ្នារវាងកងកម្លាំងទ័ព និងក្រុមសកម្មប្រយុទ្ធ។
លោកមានប្រសាសន៍ថា មេដឹកនាំជាន់ខ្ពស់ al-Shabab ដែលកាន់ផ្នែកហិរញ្ញវត្ថុតំណាងឲ្យក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ផងដែរក្នុងអំឡុងពេលប្រយុទ្ធគ្នាដោយកាំភ្លើង។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការចុងក្រោយអនុវត្តឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ al-Shabab នៅតំបន់ភាគខាងត្បូងនៃប្រទេសសូម៉ាលី។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០