មនុស្ស ៣០នាក់​រងរបួស​ពី​កា​វាយប្រហារ​គ្រាប់បែកដៃ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន

0

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន៣០នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​ទៅលើ​ក្រុម​បាតុកម្ម​មួយ​នៅ​ទីក្រុង Karachi នៅ​ថ្ងៃ​ពុធ ទី០៥ ម្សិលមិញ ខណៈដែល​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ប្រារព្ធ​ខួប​លើក​ទី០១នៃ​ការដកហូត​ស្វ័យភាព​លើ​តំបន់កា​ស្មៀ​របស់​ប្រទេស​ឥណ្ឌា។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​និយាយថា អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យផ្សេងៗគ្នា ខណៈ​ដែលមាន​មនុស្ស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

លោក Ghulam Nabi Memon មេ​ប៉ូលិស​ក្រុង Karachi ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា៖ “គ្រាប់បែកដៃ​មួយគ្រា​ប់​ត្រូវបាន​បំផ្ទុះ​នៅក្នុង​ក្រុម​បាតុកម្ម​ដែលបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់” ការវាយប្រហារ​នេះ​អះអាង​ដោយ​កងទ័ព​បដិវត្ត Sindhudesh ដែលជា​ក្រុម​បំបែក​ខ្លួន និង​ចាប់​ផ្តើមធ្វើ​សកម្មភាព​នៅ​រយៈពេល​ប៉ុន្មាន​ខែ​មុន។

នៅ​ខែមិថុនា មនុស្ស​ចំនួន០៤នាក់​ត្រូវបាន​សម្លាប់ ដោយ​ក្នុងនោះ​មាន​ទាហាន​ចំនួន០២នាក់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ចំនួន០៣ដងជាប់ៗគ្នា ហើយ​ក្រោយមក​ត្រូវបាន​អះអាង​ដោយ​ក្រុម SRA ។ ក្រុម​នេះ​ចង់អោយ​ខេត្ត Sindh នៅក្នុង​ក្រុង Karachi ជា​រដ្ឋធានី​ធ្វើការ​ផ្តាច់ខ្លួន​ចេញពី​សហព័ន្ធ​ប៉ា​គី​ស្ថាន។ ក្រុម​នេះ​ថែមទាំង​បានប្រកាស​ពី​សម្ព័ន្ធភាព​របស់​ពួកគេ​ជាមួយ​កងទ័ព​រំដោះ Balochistan Liberation Army ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ដើម្បី​ស្វ័យភាព​កាន់តែ​ប្រសើរ​សម្រាប់​តំបន់ Balochistan នៅ​ភាគ​និរតី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។

ការវាយប្រហារ​បានកើត​ឡើង​នៅពេល​ការប្រមូលផ្តុំ​ស្រដៀង​គ្នា​នៅ​ទូទាំងប្រទេស។

បាតុកម្ម​នៅក្នុង​ក្រុង Karachi រៀបចំឡើង​ដោយ​ក្រុម Jamaat-e-Islami ដែលជា​គណបក្ស​ស្តាំនិយម​ខាង​សាសនា​ត្រូវបាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ក្រោយពី​មានការ​វាយប្រហារ​នោះបាន​កើតឡើង។

គួរ​រំលឹក​ផងដែរ​ថា នៅ​ខែសីហា រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ដកហូត​តំបន់ Jammu និង​តំបន់ Kashmir ដែលជា​រដ្ឋ​ដែលមាន​ជនជាតិភាគតិច​មូស្លីម​ភាគច្រើន ហើយ​ពួកគេ​មាន​សិទ្ធិ​ពិសេស និង​បាន​បែង​ចែកជា​ទឹកដី​គ្រប់គ្រង​ដោយ​សហព័ន្ធ​ចំនួន​ពីរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here