ប្រធានបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ុយក្រែនលោក Matilda Bogner មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ជនស៊ីវិលចំនួន១៨នាក់ត្រូវគេសម្លាប់ និងចំនួន៨៩នាក់បានរងរបួសក្នុងជម្លោះនៅតំបន់ Donbas រយៈពេល ៧ ខែដំបូងក្នុងឆ្នាំនេះ។
លោកបន្តថា ជនស៊ីវិលចំនួន ៣ ៣៦៧នាក់ត្រូវគេសម្លាប់ និងចំនួន ៧,០០០នាក់បានរងរបួសចាប់តាំងពីផ្តើមមានជម្លោះនៅតំបន់ Donbas ក្នុងឆ្នាំ២០១៤ ។
លោក Bogner បានបញ្ជាក់ថា ពុំមានការចុះបញ្ជីមរណភាពជនស៊ីវិលសូម្បីតែមួយនាក់ និងពុំមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលចាប់តាំងពីថ្ងៃទី១ ខែសីហាមក។ លោក Bogner បានអំពាវនាវដល់ភាគីជម្លោះប្រដាប់អាវុធនៅតំបន់ Donbass បន្តប្រកាន់ខ្ជាប់នូវបទឈប់បាញ់គ្នា និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានពេញលេញ។
អ្នកតំណាងប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្ដិការនៅអឺរ៉ុបបានឯកភាពគ្នាលើការបង្កើតបទឈប់បាញ់ពេញលេញ និងមានប្រសិទ្ធភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែននៅថ្ងៃទី២៧ ខែកក្កដា នៅក្នុងសន្និសីទវីដេអូក្រុមទំនាក់ទំនងត្រីភាគីនៅថ្ងៃទី២២ ខែកក្កដា។
កិច្ចព្រមព្រៀងនោះបានអំពាវនាវឱ្យមានការហាមឃាត់រាល់សកម្មភាពវាយលុក និងឈ្លបយកការណ៍ ការប្រើប្រាស់អាវុធ ហើយនឹងមានការចាត់វិធានការវិន័យចំពោះការរំលោភបទឈប់បាញ់។
គួរបញ្ជាក់ផងដែរថា ជម្លោះដែលកំពុងបន្តកើតមានក្នុងប្រទេសនៅអ៊ុយក្រែនខាងកើតបានឆក់យកជីវិតមនុស្សប្រមាណ១៣,០០០នាក់ និងបណ្តាលឲ្យមនុស្សចំនួន៣០,០០០នាក់រងរបួសចាប់តាំងពីខែមេសា ឆ្នាំ២០១៤ ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០