អ្នកស្រុកប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ម្សិលមិញនេះ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើការវាយប្រហារទៅលើទីតាំងរបស់កងជីវពលស៊ីអ៊ីតហ៊ូទី(Shiite Houthi) នៅជាយក្រុងភាគខាងត្បូងរដ្ឋធានីសាណាប្រទេសយេម៉ែន។
ការវាយប្រហារកើតឡើងនៅតំបន់ al-Arowsh ក្នុងសង្កាត់ Khawlan al-Tial បណ្តាលឲ្យមានការផ្ទុះយ៉ាងសន្ធោរសន្ធៅនៅទីតាំង។ យ៉ាងណាមិញ ទូរទស្សន៍ al-Masirah របស់ក្រុមកងជីវពលហ៊ូទី បានធ្វើសេចក្តីរាយការណ៍ដោយពុំមានផ្តល់ព័ត៌មានលំអិត។ ចំណែកឯកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយណាមួយទាក់ទងនឹងការវាយប្រហារតាមអាកាសនោះទេ។
គួររំលឹផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកងជីវពល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមបានកាន់កាប់ខេត្តជាច្រើននៅភាគខាងជើង និងបានបង្ខំឱ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីតំបន់សាណា(Sanaa)។
យ៉ាងណាមិញ សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប់បានធ្វើអន្តរាគមន៍នៅក្នុងជម្លោះប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ដើម្បីគាំទ្ររដ្ឋាភិបាល Hadi៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០