មន្ត្រីនៅក្នុងតំបន់ម្នាក់និយាយថា សមាជិកសន្តិសុខឃឺដចំនួន០២នាក់ស្លាប់ និងចំនួន០២នាក់ផ្សេងទៀតរងរបួសនៅថ្ងៃពុធទ ទី០៤ ខែវិច្ឆិកា ម្សិលមិញនេះ ក្នុងការវាយប្រហាររបស់យុទ្ធជនដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK)ខុសច្បាប់នៅតំបន់ពាក់កណ្តាលស្វ័យភាពឃឺដរបស់ប្រទេសអ៊ីរ៉ាក់។
លោក Amed Amir អភិបាលក្រុង Jamanki និយាយថា ឧប្បត្តិហេតុដ៏សាហាវនេះកើតឡើងនៅក្នុងតំបន់ Jamanki ជិតទីប្រជុំជន Amedi ក្នុងខេត្ត Duhok នៅពេលដែលយុទ្ធជន PKK បានបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវក្បែរការល្បាតរបស់កងកម្លាំងPeshmerga។ហេតុការណ៍បន្ទាប់មកទៀតគឺមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ។
សមាជិក PKK មានវត្តមានយ៉ាងទូលំទូលាយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់រួមទាំងភ្នំ Amedi ។
ការវាយប្រហារកើតឡើងនៅរយៈពេលពីរថ្ងៃក្រោយពីមេដឹកនាំជនជាតិឃឺដលោក Masoud Barzani ប្រធានគណបក្សប្រជាធិបតេយ្យឃឺដបានព្រមានអំពីការថយចុះនៃស្ថានភាពសន្តិសុខខណៈពេលមានជម្លោះដែលកំពុងកើតមានរវាងប្រទេសតួកគី និងក្រុមសកម្មប្រយុទ្ធ PKK នៅក្នុងតំបន់ជាប់ព្រំដែនតួកគី។
លោក Barzani បានអំពាវនាវឱ្យសមាជិកអ្នកប្រយុទ្ធ PKK បញ្ចប់ការកាន់កាប់តំបន់ព្រំដែនដើម្បីជៀសវាងមានបញ្ហាខាងសន្តិសុខបន្ថែមទៀត។
កងកម្លាំងតួកគីតែងតែធ្វើប្រតិបត្តិការនៅតាមមូលដ្ឋានវាយប្រហារដោយប្រើគ្រាប់បែកនិងកាំភ្លើងធំប្រឆាំងនឹងទីតាំងរបស់សមាជិកសកម្មប្រយុទ្ធ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាពិសេសភ្នំ Qandil ដែលជាមូលដ្ឋានរបស់ក្រុម PKK ។
សូមរំលឹកផងដែរថា ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចុះបញ្ជីថា PKK ជាអង្គការភេរវកម្ម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០