មន្ត្រីយោធាម្នាក់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃពុធ សមាជិកក្រុមជ្រុលនិយម al-Shabab ចំនួន១៧នាក់ត្រូវសមត្ថកិច្ចសម្លាប់ក្នុងប្រតិបត្តិការយោធាមួយនៅទីប្រជុំជន Bule Burde ភាគកណ្តាលនៃតំបន់ Hiran។
មេបញ្ជាការ SNA សម្រាប់អង្គភាពទី ២៧ លោក Ahmed Mohamed ប្រាប់អ្នកកាសែតថាកងកម្លាំងទ័ពធ្វើប្រតិបត្តិការនៅក្នុងទីក្រុងក្រោយពីមានការស៊ើបការណ៍សម្ងាត់ពីសាធារណជន។
លោក Mohamed មានប្រសាសន៍ថា មានការតស៊ូយ៉ាងខ្លាំងពីក្រុមសកម្មប្រយុទ្ធ ប៉ុន្តែកងកម្លាំងទ័ពបានធ្វើការបង្ក្រាប និងសម្លាប់សមាជិករបស់ពួកគេចំនួន១៧នាក់។
លោកបញ្ជាក់ថា អ្នកដែលស្លាប់នៅក្នុងប្រតិបត្តិការរួមមានលោក Abdulkadir Fidow ដែលទទួលបន្ទុកប្រតិបត្តិការសម្រាប់សមាជិកសកម្មប្រយុទ្ធ al-Shabab នៅ Bule Burde និងមេដឹកនាំជាន់ខ្ពស់ចំនួនពីរនាក់ផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុងក្រោយកើតឡើងខណៈពេលមានប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់កងកម្លាំងសូម៉ាលីប្រឆាំងនឹងក្រុមជ្រុលនិយម al-Shabab នៅតំបន់ភាគកណ្តាល និងភាគខាងត្បូង។ យ៉ាងណាមិញ សមាជិកក្រុមសកម្មប្រយុទ្ធនៅតែបន្តធ្វើការគ្រប់គ្រងនៅតាមតំបន់ជនបទធ្វើការវាយឆ្មក់ និងដាំគ្រាប់មីន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០