យោធាអ៊ីរ៉ាក់និយាយថា នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា សមាជិកសន្តិសុខអ៊ីរ៉ាក់ចំនួន 0២នាក់ស្លាប់ និងចំនួន០៦នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅតាមដងផ្លូវមួយក្នុងខេត្ត Kirkuk ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការចំរុះអ៊ីរ៉ាក់ (JOC) បង្ហាញថា គ្រាប់បែកនៅតាមដងផ្លូវផ្ទុះឡើងនៅក្បែររថយន្តយោធាមួយគ្រឿងក្នុងភូមិមួយភាគខាងជើងខេត្ត Kirkuk ចម្ងាយ ២៥០ គីឡូម៉ែត្រខាងជើងរដ្ឋធានីបាកដាដ។
ប្រភព JOC បញ្ជាក់ថា ការផ្ទុះនោះបានសម្លាប់សមាជិកសន្តិសុខចំនួនពីរនាក់ និងបណ្តាលឲ្យសមាជិកចំនួន០៦នាក់ផ្សេងទៀតរងរបួស។
សូមរំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានផ្តួលក្រុមសមាជិករដ្ឋអ៊ីស្លាម (IS) ទាំងស្រុងនៅទូទាំងប្រទេសនៅចុងឆ្នាំ ២០១៧ ។
យ៉ាងណាមិញ សមាជិក IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅក្នុងតំបន់ទីប្រជុំជនវាលខ្សាច់ និងតំបន់រឹងមាំ ហើយថែមទាំងធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០