ប្រភពព័ត៌មានពីមន្ត្រីបានឲ្យដឹងថា សិស្សចំនួន០១នាក់ស្លាប់ និងចំនួន០៩នាក់ផ្សេងទៀតរងរបួសពីការផ្ទុះនៅភាគខាងកើតខេត្ត Wardak ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រធានក្រុមប្រឹក្សាខេត្តលោក Sharifullah Hotak មានប្រសាសន៍ថា ការផ្ទុះនេះកើតឡើងនៅក្នុងបរិវេណនៃសាកលវិទ្យាល័យឯកជនមួយក្នុងទីក្រុង Maidan Shar។ លោក Hotak ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖
“គ្រាប់បែកមួយគ្រាប់ដាំដោយអ្នកមិនស្គាល់អត្តសញ្ញាណបានផ្ទុះនៅក្នុងបរិវេណសាកលវិទ្យាល័យឯកជនដាណឺម៉ាកហើយរលត់ទៅវិញនៅម៉ោង០៤រសៀលថ្ងៃចន្ទ ដោយសម្លាប់និស្សិតចំនួន០១នៅនឹងកន្លែង និងបង្ករបួស០៩នាក់ផ្សេងទៀត” ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីបានអោយដឹងថា និស្សិតដែលស្លាប់គឺជាអតីតមេបញ្ជាការរបស់ Mujahidin ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលអប់រំដើម្បីទទួលបានសញ្ញាប័ត្រ។
នេះគឺជាការវាយប្រហារលើកទី៣លើមណ្ឌលអប់រំក្នុងរយៈពេលមួយខែកន្លងមកនេះ។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើមជ្ឈមណ្ឌលអប់រំឯកជនមួយ និងសាកលវិទ្យាល័យកាប៊ុលដែលគ្រប់គ្រងដោយរដ្ឋនៅកាប៊ុល និងសម្លាប់និស្សិតជាច្រើននាក់ផងដែរ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០