អ្នកនាំពាក្យប៉ូលិសខេត្ត លោក Abdul Karim Yurash មានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា យ៉ាងហោចណាស់មានប៉ូលិសចំនួន០៤នាក់ស្លាប់ និងចំនួន១៥នាក់ផ្សេងទៀតជាមួយនឹងជនស៊ីវិលចំនួន១០នាក់រងរបួសពីគ្រាប់បែកដែលផ្ទុះនៅជាប់នឹងមូលដ្ឋានប៉ូលិសស្រុក Almar នៅភាគខាងជើងខេត្ត Faryab។
យោងតាមប្រភពព័ត៌មានពីលោក Yurash បានឲ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធបានបំផ្ទុះរថយន្តដែលបង្កប់គ្រឿងផ្ទុះមួយនៅក្បែរមូលដ្ឋានប៉ូលិសនៅព្រឹកថ្ងៃអង្គារ ហើយការផ្ទុះបានសម្លាប់ប៉ូលិសចំនួន០៤នាក់ និងបណ្តាលឲ្យប៉ូលិសចំនួន ១៥នាក់ផ្សេងទៀតរួមទាំងជនស៊ីវិលចំនួន១០នាក់រងរបួស។
ទោះជាយ៉ាងណាមន្ត្រីរូបនោះអះអាងថា សមាជិកក្រុមតាលីបង់ភៀសខ្លួនចេញពីតំបន់នោះក្រោយពីទទួលរងនូវការស្លាប់ និងរបួសប៉ុន្តែមិនអាចផ្តល់តួលេខពិតប្រាកដបានទេ។
ក្នុងពេលនោះដែរ មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានអះអាងថា ប៉ូលិសចំនួន១២នាក់ និងជនស៊ីវិលចំនួន០៨នាក់រងរបួសពីការផ្ទុះ។
នេះជាហេតុការណ៍ផ្ទុះគ្រាប់បែករថយន្តទី០២នៅក្នុងការបះបោរក្នុងប្រទេសអាហ្វហ្គានីស្ថាននៅរយៈពេល២ថ្ងៃកន្លងមក។
សូមរំលឹកផងដែរថា យោងតាមប្រភពព័ត៌មានពីមន្ត្រីបានអោយដឹងថា គ្រាប់បែកក្នុងរថយន្តដឹកទំនិញមួយបានផ្ទុះនៅក្នុងស្រុកMaiwandភាគខាងត្បូងខេត្តKandaharនៅថ្ងៃចន្ទសម្លាប់មនុស្សចំនួន១៤នាក់ និងបណ្តាលឲ្យមនុស្សចំនួន៤៩នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០