ការវាយប្រហារ​តាម​អាកាស​របស់​កម្លាំងចម្រុះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​សម្លាប់​សកម្មប្រយុទ្ធ IS ចំនួន០៣នាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា នៅ​ថ្ងៃ​ពុធ ទី១១ ម្សិលមិញ​នេះ សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចំនួន០៣នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់ភ្នំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់​និយាយថា យន្តហោះ​បារាំង​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​លាក់ខ្លួន​របស់​ឧទ្ទាម IS ចំនួន០៤កន្លែង​នៅលើ​ភ្នំ Qara-Chokh ក្បែរ​ទីក្រុង Makhmour ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mosul ខេត្ត Nineveh ដោយបាន​បំផ្លាញ​កន្លែង​លាក់ខ្លួន និង​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ IS ចំនួន០៣នាក់។

កម្លាំង​ប្រទេស​បារាំង​គឺជា​ផ្នែក​មួយ​របស់​កម្លាំងចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែលមាន​ភារកិច្ច​ជួយ​ដល់​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ប្រយុទ្ធ​ប្រឆាំងនឹង​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS ដោយ​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ទីតាំង​របស់​ឧទ្ទាម​ទាំងនោះ​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី ក៏ដូចជា​ធ្វើការ​ផ្តល់​ឧបករណ៍​យោធា និង​ការបណ្តុះបណ្តាល​ដល់​កងកម្លាំង​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ លោក Yahia Rasoul អ្នកនាំពាក្យ​របស់​អគ្គ​មេបញ្ជាការ​នៃ​កងកំលាំង​អ៊ីរ៉ាក់​និយាយថា ក្រោយពី​រយៈពេល ០៤ថ្ងៃ​នៃប្រតិបត្តិ​ការវាយលុក​ដ៏​ធំ​មួយ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ IS នៅ​តំបន់ភ្នំ Makhoul និង Khanogah កងកម្លាំង​សន្តិសុខ​បាន​បំផ្លាញ​ទីជម្រក​របស់ IS ចំនួន ៥៦ទីតាំង​ហើយ ផ្លូវ​រូង​ក្រោម​ដី​ចំនួន ៤៥ របស់​ក្រុម​ជ្រុលនិយម​និង​ដោះ​គ្រាប់បែក​នៅតាម​ដងផ្លូវ​ចំនួន ១០៦គ្រាប់។

គួ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃទី០៨ ខែវិច្ឆិកា កងកម្លាំង​អ៊ីរ៉ាក់​គាំទ្រ​ដោយ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ធ្វើការ​វាយលុក និង​បន្តធ្វើ​ប្រតិបត្តិការ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ដើម្បី​តាមរក​ក្រុម​សកម្មប្រយុទ្ធ IS នៅ Makhoul និង Khanogah៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here