ទាហាន ៣ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី

0

មន្ត្រី​សូ​ម៉ាលី និង​សាក្សី​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា យ៉ាងហោចណាស់​មាន​ទាហាន​ចំនួន ៣នាក់​ស្លាប់​នៅ​យប់​ថ្ងៃ​ពុធ ក្នុង​ហេតុការណ៍​ផ្ទុះ​មួយ​នៅ​ទីប្រជុំជន Kismayo ភាគខាងត្បូង​នៃ​តំបន់ Lower Juba ។

លោក Aidid Saleman Hashi រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ទេសចរណ៍ Jubaland មានប្រសាសន៍ថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ al-Shabab បាន​ប៉ុនប៉ង​សម្លាប់​គាត់​ដោយ​ប្រើ​គ្រាប់បែក​មួយ​នៅក្នុង​ទីក្រុង ប៉ុន្តែ​លោក​បាន​រត់គេចខ្លួន​ដោយ​ពុំមាន​រងគ្រោះថ្នាក់​នោះទេ។

លោក Hashi មានប្រសាសន៍ថា៖“ក្រុម​សកម្មប្រយុទ្ធ​បានដាក់​គ្រាប់មីន​នៅ​ទីតាំង​កាច់ជ្រុង​បន្ទប់​គ្រែ​របស់ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​មិនបាន​នៅ​ទី​នោះទេ។ មាន​ទាហាន​ចំនួន០៣នាក់​ស្លាប់​នៅក្នុង​បន្ទប់​នោះ” ។

លោក​បន្ថែមថា ក្រោយមក​កម្លាំង​សន្តិសុខ​បាន​ចូលមក និង​បាន​ឡោមព័ទ្ធ​ទីតាំង​នោះ ប៉ុន្តែ​ពួកគេ​ចាប់​មិនបាន​អ្នកបង្ក​នោះទេ។ អ្នកស្រុក​ម្នាក់​បាន​អះអាងថា៖“នៅពេល​ល្ងាច ពួកយើង​បានលឺ​សម្លេង​ផ្ទុះ​ដ៏​ធំ​មួយ។ ប្រជាជន​និយាយថា វា​ជាការ​បំផ្ទុះ​គ្រាប់បែក​មួយ​ដែល​កំណត់​គោលដៅ​ទៅលើផ្ទះ​របស់​រដ្ឋមន្ត្រី។

គួរ​រំលឹក​ផងដែរ​ថា តំបន់ឆ្នេរ​សមុទ្រ Kismayo មាន​កំណើន​ឡើង​នៃ​ការវាយប្រហារ និង​ការធ្វើឃាត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ ដោយ​ការវាយប្រហារ​ទាំងនោះ​រៀបចំ​ដោយ​ក្រុម​ភេរវកម្ម៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here