ក្រុមឃ្លាំមើលសង្គ្រាមរាយការណ៍ថា សមាជិករដ្ឋអ៊ីស្លាម (IS) បើកការវាយប្រហារទៅលើទីតាំងរបស់កងកម្លាំងស៊ីរីនៅលើតំបន់វាលខ្សាច់នៅភាគកណ្តាលនៃខេត្ត Hama នៅថ្ងៃព្រហស្បតិ៍ដោយសម្លាប់ទាហានចំនួន១៤នាក់ និងយុទ្ធជនគាំទ្ររដ្ឋាភិបាលផ្សេងទៀត។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា សមាជិកក្រុមឧទ្ទាម IS បានវាយប្រហារទីតាំងរបស់កងទ័ពស៊ីរី និងយុទ្ធជនគាំទ្ររដ្ឋាភិបាលនៅភាគខាងកើតនៃទីក្រុង Salamiyah នៅតាមទីប្រជុំជន Hama។
អ្នកឃ្លាំមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា កងកម្លាំងស៊ីរីចាប់ផ្តើមប្រយុទ្ធគ្នាជាមួយឧទ្ទាមនៅតំបន់នោះក្រោយពីមានការវាយប្រហារ។ ការប្រយុទ្ធនៅតំបន់វាលខ្សាច់តាមទីជនបទ Hama ដូចជានៅក្នុងខេត្ត Aleppo និងខេត្ត Deir al-Zour បានផ្ទុះឡើងចាប់តាំងពីខែមីនាមក។
អ្នកសង្កេតការណ៍បានឲ្យដឹងថា ទាហានស៊ីរីចំនួន៩៤២នាក់ និងយុទ្ធជនគាំទ្ររដ្ឋាភិបាលរួមទាំងសមាជិកសកម្មប្រយុទ្ធឧ្ទាម IS ចំនួន៥០៥នាក់ស្លាប់ក្នុងពេលតែមួយ។ សមាជិកឧទ្ទាម IS បានបាត់បង់តំបន់សំខាន់ៗនៅទូទាំងប្រទេសស៊ីរី ប៉ុន្តែសមាជិករបស់ពួកគេនៅតែមានវត្តមាននៅតាមតំបន់វាលខ្សាច់ និងនៅភាគខាងកើតប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០