រដ្ឋាភិបាលបញ្ជាក់នៅថ្ងៃអាទិត្យថា មន្ត្រីយោធាជនជាតិអាហ្វហ្គានីស្ថានចំនួន០៣នាក់ត្រូវគេសម្លាប់នៅក្នុងការវាយប្រហារកំណត់គោលដៅចុងក្រោយបង្អស់នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីការិយាល័យរបស់អនុប្រធានាធិបតីទីមួយនៃប្រទេសអាហ្វហ្គានីស្ថានលោក Amrullah Saleh មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឧប្បត្តិហេតុមួយ លោកអនុសេនីយ៍ឯក Sadrulhaq មកពីក្រុមកងកម្លាំងពិសេសត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងតំបន់ Niyazbik នៅភាគខាងលិចនៃទីក្រុងកាប៊ុលនៅថ្ងៃសុក្រសប្តាហ៍មុន។
ក្រៅពីធ្វើការស្តីបន្ទោសលើសមាជិកសកម្មប្រយុទ្ធតាលីបង់ចំពោះការវាយប្រហារនោះលោកអនុប្រធានាធិបតី Saleh ថែមទាំងបានប្តេជ្ញាសងសឹកចំពោះសកម្មភាពឃាតកម្មរបស់ពួកគេ។
នៅភាគខាងលិចខេត្ត Farah អ្នកបះបោរប្រដាប់អាវុធម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់នៅក្នុងសង្កាត់ប៉ូលិសទី១នៃទីរួមខេត្ត Farah នៅព្រឹកថ្ងៃអាទិត្យ។ ប៉ូលិសខេត្តបញ្ជាក់ថា សកម្មប្រយុទ្ធដែលគេសម្លាប់នោះមានគម្រោងកំណត់គោលដៅទៅលើមន្ត្រីរដ្ឋាភិបាល ប៉ុន្តែប៉ូលិសប្រទះឃើញបានមុន និងត្រូវប៉ូលិសបាញ់សម្លាប់មុនពេលឈានដល់សម្រេចផែនការវាយប្រហារ។
សូមរំលឹកផងដែរថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហារលើគោលដៅជាច្រើនដើម្បីប្រឆាំងនឹងជនស៊ីវិល និងមន្ត្រីយោធានៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមប្រដាប់អាវុធចាត់ទុកអ្នកដែលធ្វើការឱ្យរដ្ឋាភិបាល និងអង្គការណាតូ និងកងទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិកជាគោលដៅរបស់ខ្លួន។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០