គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអេត្យូពី (EHRC) និយាយនៅថ្ងៃអាទិត្យថាមនុស្សរហូតដល់ទៅចំនួន៣៤នាក់ត្រូវគេសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលផ្ញើទៅអង្គភាពសារព័ត៌មាន EHRC បាននិយាយថា មានការវាយប្រហារប្រដាប់អាវុធមួយកើតឡើងនៅក្នុងរដ្ឋតំបន់ Benishangul-Gumuz ភាគខាងលិចប្រទេសអេត្យូពីនៅថ្ងៃសៅរ៍។
ប្រភព EHRC បញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរនៅក្នុងតំបន់ Benishangul-Gumuz នៅល្ងាចថ្ងៃសៅរ៍រងការវាយប្រហារពីក្រុមវាយប្រហារប្រដាប់អាវុធបណ្តាលឱ្យមនុស្សចំនួន ៣៤នាក់ស្លាប់។
សេចក្តីថ្លែងការណ៍មិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកវាយប្រហារ និងមូលហេតុនៃការវាយប្រហារនោះទេ។
នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ មានអំពើហឹង្សាកើតឡើងក្នុងចំណោមសមាជិករបស់ជនជាតិភាគតិចផ្សេងៗគ្នានៅតំបន់ Benishangul-Gumuz បានបណ្តាលឱ្យមនុស្សចំនួនរាប់រយនាក់ស្លាប់ និងមនុស្សចំនួនរាប់ពាន់នាក់ផ្សេងទៀតផ្លាស់ទីលំនៅ។
សូមរំលឹកផងដែរថាការប៉ះទង្គិចគ្នាភាគច្រើនកើកតឡើងដោយសារតែការដណ្តើមអំណាច និងដីធ្លី៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២០