នៅថ្ងៃអាទិត្យ ប៉ូលិសនីហ្សេរីយ៉ាបញ្ជាក់ថា អ្នកគោរពបូជាសាសនាចំនួន០៥នាក់ត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់ និងចំនួន១៨នាក់ផ្សេងទៀតត្រូវចាប់ខ្លួន នៅពេលដែលខ្មាន់កាំភ្លើងនោះបានវាយប្រហារលើវិហារអ៊ីស្លាមមួយក្នុងរដ្ឋ Zamfara នៅភាគពាយព្យនៃប្រទេស។
អ្នកនាំពាក្យប៉ូលិសលោក Muhammad Shehu ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឧប្បត្តិហេតុនេះកើតឡើងនៅថ្ងៃសុក្រនៅក្នុងសហគមន៍ Dutsen Gari ក្នុងតំបន់ Maru នៅស្រុក Zamfara។បព្វជិតនៅក្នុងវិហារអ៊ីស្លាមជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលខ្មាន់កាំភ្លើងចាប់ជំរិត។ក្មាន់កាំភ្លើងទាំងនោះបានក្លែងបន្លំខ្លួនជាអ្នកកាន់សាសនាហើយក្រោយមកបានចាប់ផ្តើមបាញ់ទៅលើអ្នកគោរពបូជាដោយសម្លាប់មនុស្សចំនួន០២នាក់ភ្លាម។
លោកShehu មានប្រសាសន៍ថា មនុស្សចំនួន០៣នាក់ផ្សេងទៀតស្លាប់នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សាក្សីប្រាប់ភ្នាក់ងារព័ត៌មានថា ខ្មាន់កាំភ្លើងបានជិះចូលទៅក្នុងសហគមន៍ដោយប្រើម៉ូតូដោយបានក្លែងបន្លំធ្វើជាអ្នកគោរពបូជា។ ពួកគេភៀសខ្លួនចូលទៅក្នុងព្រៃដែលមានទីតាំងក្បែរនោះក្រោយពីធ្វើការវាយប្រហាររួច។ ប៉ូលិសបានដាក់ពង្រាយប្រតិបត្ដិការបន្ថែមទៀតនៅក្នុងតំបន់នោះដើម្បីស្វែងរកខ្មាន់កាំភ្លើងដែលរត់ភៀសខ្លួន។
សកម្មភាពបាញ់ប្រហារ ការចាប់ជំរិត និងសកម្មភាពឧក្រិដ្ឋផ្សេងៗទៀតបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ភាគពាយព្យរបស់ប្រទេសនីហ្សេរីយ៉ា៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ខែវិច្ឆិកា ឆ្នាំ២០២០