នៅថ្ងៃចន្ទ ទី០៧ ម្សិលមិញនេះ កងទ័ពជាតិសូម៉ាលីសម្លាប់យុទ្ធជនអាល់សាបាប (al-Shabab) ចំនួន០៥នាក់នៅក្នុងប្រតិបត្តិការសន្តិសុខមួយនៅក្នុងតំបន់ Gedo នៅភាគខាងត្បូងនៃប្រទេស។
លោក Osman Abdi Qorah មេបញ្ជាការកងពល៥០នៃអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិមានប្រសាសន៍ថា កងទ័ពធ្វើប្រតិបត្តិការដោយគ្រោងទុក និងកំណត់គោលដៅទៅលើមូលដ្ឋានគ្រប់គ្រងដោយសមាជិកសកម្មប្រយុទ្ធ al-Shabab នៅតាមបណ្តោយផ្លូវភ្ជាប់ទៅនឹងទីប្រជុំជន Luq និង Garbaharey។
លោក Qorah មានប្រសាសន៍ថា៖“យុទ្ធជនអាល់សាបាបចំនួន០៥នាក់ត្រូវកងកម្លាំងទ័ពសម្លាប់នៅពេលប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរបស់យើង ហើយយើងក៏បានបំផ្លាញមូលដ្ឋានជាទីដែលពួកគេធ្លាប់រៀបចំផែនការវាយប្រហារប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលផងដែរ” ។
កងកម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់សាបាបនៅតំបន់ភាគខាងត្បូង ប៉ុន្តែក្រុមសកម្មប្រយុទ្ធនៅតែបន្តគ្រប់គ្រងតាមតំបន់ជនបទដោយធ្វើការស្ទាក់ចាប់ និងដាំគ្រាប់មីនជាដើម៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០