មនុស្ស១៥នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃ​ពុធ ទី២៥ ម្សិលមិញ​នេះ មាន​មនុស្ស​ចំនួន១៥នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​មួយ​នៅ​ខាងក្រៅ​ការិយាល័យ​ប៉ូលិស​នៅក្នុង​ទីក្រុង Kandahar រដ្ឋធានី​នៃ​ខេត្ត Kandahar នៅ​ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ប្រភពព័ត៌មាន​ពី​សន្តិសុខ​ទីក្រុង​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ឧប្បត្តិ​ហេតុនេះ​កើតឡើង​នៅ​ម៉ោង១០និង៣០នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅពេល​ភេរវ​ករ​បាន​ជិះ​រថយន្ត​បង្កប់​គ្រឿងផ្ទុះ​ទៅកាន់​ខ្លោងទ្វារ​ចូល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទី១១ ហើយ​ការផ្ទុះ​គ្រាប់បែក​នេះ​ក៏បាន​បង្កឱ្យមាន​ការភិតភ័យ និង​បំផ្លិចបំផ្លាញ​ទីតាំង​នោះ​ផងដែរ ។

ការិយាល័យ​ប៉ូលិស​ដែលមាន​ទីតាំងនៅ​តំបន់ Dwahom Hino Mina រង​ការខូចខាត​យ៉ាងខ្លាំង​នៅក្នុង​ការវាយប្រហារ​នេះ។ អ្នករងរបួស​រួមមាន​មន្ត្រីប៉ូលិស​ចំនួន ១១នាក់ និង​ជន​ស៊ីវិល​ចំនួន០៤នាក់។ ប្រភពព័ត៌មាន​និយាយ​ថា កម្លាំង​នៃ​ការផ្ទុះ​បាន​វាយ​បំបែក​បង្អួច និង​កញ្ចក់​អគារ​ជាច្រើន។

ស្របពេល​ជាមួយគ្នានេះដែរ លោក Jamal Barakzai អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជាក់ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា មនុស្ស​ចំនួន០៦នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះ។

រហូតមកដល់​ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។ នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​ទីក្រុងធំៗនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រឈម​នឹង​ការវាយប្រហារ​ភេរវកម្ម​ពី​សមាជិក​ក្រុម​ឧទ្ទាម​តា​លី​បង់ និង​ក្រុម​រដ្ឋ​អ៊ីស្លាម។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here