មន្ត្រីសុខាភិបាលក្នុងតំបន់ និងសមាជិកសភាម្នាក់បាននិយាយថាបាតុករម្នាក់ត្រូវបានគេបាញ់សម្លាប់អំឡុងពេលបាតុកម្មប្រឆាំងនឹងគណបក្សនយោបាយឃឺដនៅភាគខាងជើងតំបន់ដែលគ្រប់គ្រងដោយឃឺដនៅអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះបន្ទាប់ពីមានភាពចលាចលជាច្រើនថ្ងៃ។
វាជាឧប្បត្តិហេតុដ៏កម្រមួយដែលមានការចូលរួមតវ៉ាប្រឆាំងនឹងគណបក្សនយោបាយដែលគ្រប់គ្រងតំបន់ស្វយ័តឃឺដអ៊ីរ៉ាក់ជុំវិញការពន្យារពេលការបើកប្រាក់ខែក្នុងវិស័យសាធារណៈ។
ក្រុមមន្ត្រីរួមទាំងគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងតំបន់បាននិយាយថាអ្នកតវ៉ាម្នាក់ត្រូវបានបាញ់សម្លាប់ដោយក្រុមប្រដាប់អាវុធដែលឈរជើងនៅទីស្នាក់ការរបស់គណបក្សប្រជាធិបតេយ្យឃឺដក្នុងទីក្រុង Chamchamal ភាគខាងលិចខេត្ត Sulaimaniya។
ក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវក្នុង និងជុំវិញតំបន់ Sulaimaniya អស់រយៈពេលជាច្រើនថ្ងៃដើម្បីទាមទារប្រាក់ខែរបស់ពួកគេ និងធ្វើការរិះគន់គណបក្ស KDP និងសហភាពជាតិឃឺដដែលគ្រប់គ្រងតំបន់ Sulaimaniya។
រដ្ឋាភិបាលតំបន់ឃឺដដែលត្រួតត្រាដោយគណបក្ស KDP ដែលមានមូលដ្ឋាននៅទីក្រុង Erbil បានរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចទូទាំងប្រទេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវបានមើលឃើញថាប្រាក់ចំណូលប្រេងនៅអ៊ីរ៉ាក់បានធ្លាក់ចុះ។
គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ពឹងផ្អែកលើការនាំចេញប្រេងសម្រាប់ចំណូលរដ្ឋរបស់ខ្លួនស្ទើរតែទាំងអស់រួមទាំងប្រេងចំនួន ២៥០,០០០ បារ៉ែលក្នុងមួយថ្ងៃពីតំបន់ឃឺដ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០