លោកស្រី Rojda Nazlier មកពីគណបក្សប្រឆាំងគណបក្សប្រជាធិបតេយ្យប្រជាជន (HDP) ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល៩ឆ្នាំ។
កាលពីថ្ងៃចន្ទនេះ តុលាការតួកគីបានកាត់ទោសអតីតអភិបាលក្រុងម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពីបទជាសមាជិកនៃអង្គការភេរវកម្មប្រដាប់អាវុធមួយ។
លោកស្រី Rojda Nazlier មកពីគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យប្រជាជន (HDP) នៅមុននេះ ត្រូវបានដកចេញពីតំណែងអភិបាលក្រុង Kocakoy នៃខេត្ត Diyarbakir បន្ទាប់ពីការស៊ើបអង្កេតមួយត្រូវបានរកឃើញអំពីសម្ព័ន្ធភាពរបស់លោកស្រីជាមួយនឹងអង្គការភេរវករ PKK។
លោកស្រីមិនបានចូលរួមការជំនុំជំរះ នៅឯតុលាការព្រហ្មទណ្ឌកំរិតធ្ងន់ទី១១ របស់ខេត្ត Diyarbakir ប៉ុន្តែតំណាងមេធាវីរបស់លោកស្រីគឺបានចូលរួមក្នុងការកាត់ក្ដី។
អង្គការភេរវករ PKK ត្រូវបានកំណត់អត្តសញ្ញាណ ដោយអាទិសង្កេត E.T. ដែលបានចុះចាញ់នឹងកងកម្លាំងតួកគីដែលបាននិយាយថា លំនៅដ្ឋានរបស់លោកស្រី Nazlier ត្រូវបានប្រើជាកន្លែងប្រជុំ ដោយសមាជិកអង្គការភេរវកម្មមួយនេះ។
លោកស្រី Nazlier ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីមានដីកាចាប់ខ្លួន។
នៅក្នុងយុទ្ធនាការភេរវកម្មជាង ៣០ឆ្នាំរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលតួកគី។ អង្គការ PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សប្រមាណជា ៤ម៉ឺននាក់ ដែលរួមទាំងស្ត្រី កុមារនិងទារក។
គណបក្សប្រឆាំង HDP រងការចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយភេរវករ YPG / PKK ដោយរដ្ឋាភិបាលតួកគី៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០