ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្តេជ្ញាថា ប្រទេសអ៊ីរ៉ង់នឹងបន្តគាំទ្រដល់ប្រជាជន និងរដ្ឋាភិបាលស៊ីរីរហូតដល់ទទួលបានជ័យជំនះលើអំពើភេរវកម្មក្រោយពីឯកអគ្គរដ្ឋទូតស៊ីរីថ្មីប្រចាំប្រទេសអ៊ីរ៉ង់បានចូលសម្ដែងការគួរសម និងណែនាំខ្លួន ។
ប្រធានាធិបតីលោក Rouhani បានថ្លែងថា៖ “ប្រទេសអ៊ីរ៉ង់នឹងឈរជាមួយប្រជាជននិងរដ្ឋាភិបាលស៊ីរីរហូតដល់ជ័យជំនះចុងក្រោយរបស់ពួកគេលើអំពើភេរវកម្ម និងរហូតទាល់តែមានការវិលត្រឡប់របស់ជនភៀសខ្លួន និងមានការកសាងប្រទេសរបស់ពួកគេឡើងវិញ” ។ នេះបើយោងតាមការិយាល័យអ្នកនាំពាក្យប្រធានាធិបតី។
ប្រធានាធិបតីអ៊ីរ៉ង់ បានបង្ហាញពីទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសស៊ីរីថា ជាយុទ្ធសាស្ត្រមិត្តភាព និងជាបងប្អូន។ លោក Rouhani បានសម្តែងនូវទុក្ខចំពោះមរណភាពរបស់លោក Walid al-Moallem រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តកិច្ចប្រឹងប្រែងទំនាក់ទំនងការទូតរបស់ខ្លួនដើម្បីបង្កើតសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងប្រទេសស៊ីរី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃដំណើរការសន្តិភាព Astana ។
លោក Shafiq Dayoub ឯកអគ្គរដ្ឋទូតស៊ីរីថ្មីប្រចាំប្រទេសអ៊ីរ៉ង់បានសម្តែងនូវឆន្ទៈរបស់ប្រទេសស៊ីរីនៅក្នុងការថែរក្សារាល់សមិទ្ធផលដ៏មានតម្លៃដែលសម្រេចបានក្នុងរយៈពេលបួនទសវត្សចុងក្រោយនេះ នៅក្នុងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសអ៊ីរ៉ង់។
លោក Dayoub មានប្រសាសន៍ថា ប្រទេសស៊ីរីបានប្តេជ្ញាចិត្តចំពោះសន្តិសុខ និងស្ថេរភាពនៅអាស៊ីខាងលិច ហើយនឹងក្រោកឈរប្រឆាំងនូវរាល់សកម្មភាព ផែនការ ឬការឃុបឃិតណាមួយដែលកំណត់គោលដៅលើប្រទេសរបស់ខ្លួន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០