ភ្នាក់ងារសារព័ត៌មានរដ្ឋ SANA រាយការណ៍ថា នៅថ្ងៃពុធ ទី៣០ ទាហានចំនួន០១នាក់ស្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួសពីការវាយប្រហារមីស៊ីលថ្មីរបស់អ៊ីស្រាអែលលើមូលដ្ឋានយោធាមួយនៅភាគខាងលិចទីក្រុងដាម៉ាស (Damascus)។
ប្រភពព័ត៌មានបន្ថែមថា ការវាយប្រហារមីស៊ីលនោះឡើងពីខាងក្រៅដែនអាកាសប្រទេសស៊ីរីនៅពេលព្រឹកព្រលឹមថ្ងៃពុធ និងបានវាយប្រហារលើអង្គភាពការពារដែនអាកាសមួយនៅជាយក្រុង Zabadani ភាគខាងលិចទីក្រុងដាម៉ាស។
យ៉ាងណាមិញ ប្រព័ន្ធការពារអាកាសស៊ីរីក៏បានបាញ់ទម្លាក់មីស៊ីលមួយចំនួន។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើមូលដ្ឋានដែលគ្រប់គ្រងដោយសមាជិកនិកាយស៊ីអ៊ីតលីបង់ Hezbollah នៅទីក្រុងហ្សាបាដានី (Zabadani ) ។
យោងតាមប្រភពព័ត៌មានពីក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងបន្ថែមទៀតថា ក្រុម Hezbollah ប្រើប្រាស់មូលដ្ឋាននោះដើម្បីដឹកជញ្ជូនអាវុធ។
គួររំលឹកផងដែរ ក្រុមសង្កេតការណ៍និយាយថា នៅក្នុងឆ្នាំ២០២០ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន៣៩លើកទៅលើមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរីដោយនៅក្នុងឆ្នាំ២០១៨ និង២០១៩ សរុបពីរឆ្នាំចូលគ្នាមានចំនួន ៥២ លើក។
លើសពីនេះ កម្លាំងអ៊ីស្រាអែលបាននិយាយម្តងហើយម្តងទៀតថា អ៊ីស្រាអែលនឹងមិនអត់ធ្មត់ចំពោះសកម្មភាពយោធាណាមួយរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីនោះឡើយ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០