ភ្នាក់ងារសារព័ត៌មាននៅក្នុងស្រុកមួយនិយាយថា សមាជិកចំនួន១នាក់របស់គណៈកម្មាធិការសន្តិសុខសភាអ៊ីរ៉ាក់លោក Mahdi Amerli មានប្រសាសន៍នៅថ្ងៃចន្ទថា សមាជិកសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាមជ្រុលនិយម (IS) មិនអាចដណ្តើមការកាន់កាប់នៅតំបន់ណាមួយក្នុងប្រទេសអ៊ីរ៉ាក់បានទេ។
លោក Amerli ប្រាប់ភ្នាក់ងារសារព័ត៌មាន Baghdad Today News ថា មានសមាជិក IS នៅតាមខេត្តមួយចំនួនបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខនិងជនស៊ីវិល។
ភ្នាក់ងារព័ត៌មានបានដកស្រង់សម្តីលោក Amerli មានសេចក្តីថា សមាជិកភេរវករទាំងនោះមិនអាចដណ្តើមការកាន់កាប់ដូចកាលឆ្នាំ២០១៤បាននោះទេ ដោយនៅឆ្នាំនោះពួកគេដណ្តើមបានការគ្រប់គ្រងខេត្តអ៊ីរ៉ាក់មួយចំនួន ។
ការអត្ថាធិប្បាយរបស់លោក Amerli បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលធ្លាប់បានព្រមានអំពីការវិលត្រឡប់របស់ក្រុមសកម្មប្រយុទ្ធ IS នៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ លោក Amerli មានប្រសាសន៍ថា៖
“របាយការណ៍បរទេសដែលព្រមានពីការវិលត្រឡប់របស់សមាជិកសកម្មប្រយុទ្ធ IS ទៅកាន់ប្រទេសអ៊ីរ៉ាក់មានគោលបំណងដើម្បីពន្យារពេលនូវវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបរទេសនៅក្នុងប្រទេសអ៊ីរ៉ាក់ប៉ុណ្ណោះ” ។
លោកបន្ថែមថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីប្រឈមមុខជាមួយនឹងការគំរាមកំហែងណាមួយនៅក្នុងប្រទេស។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១។ ទោះជាយ៉ាងណាក៏ដោយសមាជិកឧទ្ទាម IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅក្នុងតំបន់ទីក្រុង ឬវាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀត ហើយថែមទាំងបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២១