ប្រភពសន្តិសុខខេត្តនិយាយថា នៅថ្ងៃចន្ទ ទី១១ ខែមករា សមាជិករដ្ឋអ៊ីស្លាមជ្រុលនិយម(IS)ធ្វើការវាយប្រហារនៅក្នុងខេត្ត Diyala ភាគខាងកើតប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់ទាហានអ៊ីរ៉ាក់ចំនួន២នាក់ និងសមាជិកយោធា Hashd Shaabi ចំនួន៣នាក់។
នៅក្នុងការវាយប្រហារមួយ មានទាហានចំនួន២នាក់ស្លាប់ និងចំនួន១នាក់ផ្សេងទៀតរងរបួសនៅពេលដែលសមាជិកសកម្មប្រយុទ្ធ IS ធ្វើការវាយប្រហារលើមូលដ្ឋានរបស់ពួកគេនៅល្ងាចថ្ងៃចន្ទក្នុងតំបន់ Buhruz នៅភាគខាងត្បូងទីរួមខេត្ត Baquba ដែលមានចម្ងាយប្រមាណ៦៥គីឡូម៉ែត្រនៅភាគឥសាននៃទីក្រុងបាដាដ (Baghdad)។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ al-Saadi មកពីស្នងការខេត្តប្រាប់ភ្នាក់ងារសារព័ត៌មាន។
លោក al-Saadi មានប្រសាសន៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកយុទ្ធនាការដើម្បីស្វែងរកអ្នកវាយប្រហារនៅក្នុងតំបន់។ នៅក្នុងការវាយប្រហារដាច់ដោយឡែកចំនួន២ផ្សេងទៀត សមាជិក៣នាក់របស់ក្រុម Hashd Shaabi ត្រូវឧទ្ទាមសម្លាប់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ក្រោយពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកសកម្មប្រយុទ្ធ IS ជ្រុលនិយមនៅឆ្នាំ២០១។ ទោះជាយ៉ាងណាក៏ដោយ សមាជិកឧទ្ទាម IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីប្រជុំជន ឬវាលខ្សាច់ និងតំបន់រឹងមាំផ្សេងទៀតដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២១