ភេរ​វករ ១១នាក់​ត្រូវ​ទាហាន​សម្លាប់​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ

0

កម្លាំង​ទ័ព​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ (Burkina Faso)និយាយថា នៅ​ថ្ងៃ​សៅរ៍ ទី៩ ខែមករា មានការ​ប៉ះទង្គិច​គ្នា​មួយ​កើតឡើង​រវាង​កម្លាំង​ទ័ព​និង​សមាជិក​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​ប្រទេស។ ហេតុការណ៍​នោះ​សម្លាប់​សមាជិក​ភេរ​វករ​ចំនួន១១នាក់ និង

បណ្តាល​ឲ្យ​ទាហាន​ចំនួន១នាក់​ស្លាប់។នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង Ouagadougou ។

នៅក្នុង​សេចក្តីរាយការណ៍​បញ្ជាក់​ថា ក្រុម​ប្រដាប់​ដោយ​អាវុធ​មួយក្រុម​បានធ្វើការ​វាយឆ្មក់​លើ​ការ​ល្បាត​របស់​កងទ័ព​នៅក្នុង​ស្រុក Koumbri ភាគ​ខាងជើង​ខេត្ត Yatenga បណ្តាលឱ្យ​ទាហាន​ចំនួន១នាក់​ស្លាប់ និង​ចំនួន៦នាក់​ផ្សេងទៀត​រងរបួស។

នៅក្នុង​ប្រតិបត្តិ​ការឆ្លើយតប កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ​សម្លាប់​អ្នក​វាយប្រហារ​ចំនួន១១នាក់​នៅក្នុង​ចំណោម​សមាជិក​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ។

គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ២០១៥ មក​ប្រទេស​បួ​គី​ណា​ហ្វា​សូ( Burkina Faso) បាននិងកំពុង​ប្រឈមមុខ​ក្នុងស្ថានភាព​សន្តិសុខ​កាន់តែ​អាក្រក់ទៅៗ ដោយ​ប្រឈម​ជាមួយនឹង​ការវាយប្រហារ​ភេរវកម្ម​ដែល​បានសម្លាប់​មនុស្ស​ច្រើនជាង​ចំនួន១០០០នាក់ និង​ជាហេតុ​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ផ្លាស់​ទីលំនៅ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here