កងទ័ពម៉ាលីបាននិយាយថាយ៉ាងហោចណាស់ទាហាន៩នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការវាយឆ្មក់មួយកើតឡើងនៅកណ្តាលទីក្រុងក្នុងប្រទេសនេះ។
ការវាយប្រហារបានកើតឡើងកាលពីពីថ្ងៃពុធម៉ោងប្រហែល៦ និង១៥នាទីព្រឹកក្បែរភូមិ Boni ក្នុងតំបន់ Mopti ដែលជាចំណុចក្តៅនៃអំពើហិង្សានាពេលថ្មីៗនេះ។
នៅក្នុងបណ្តាញសង្គម Twitter កងទ័ពបាននិយាយថាខ្លួនបានវាយបកវិញដោយមានការគាំទ្រពីកងទ័ពបារាំង និងកងទ័ពអាកាសម៉ាលី។
អ្នកនាំពាក្យកងទ័ពលោកវរសេនីយ៍ឯក Soulemane Dembele បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាអ្នកវាយប្រហារប្រហែលជា២០នាក់ត្រូវបានសម្លាប់នៅក្នុងការឆ្លើយតបរបស់កងកម្លាំង។
គួររំលឹកថាប្រទេសម៉ាលីត្រូវបានញាំញីដោយជម្លោះដ៏សាហាវមួយដែលបានចាប់ផ្តើមជាចលនាបំបែកខ្លួននៅភាគខាងជើង ប៉ុន្តែភ្លាមៗនោះក្រុមឧទ្ទាមបានប្រមូលផ្តុំគ្នាជាក្រុមប្រដាប់អាវុធដើម្បីគ្រប់គ្រងនៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសនេះ។
ភាពអសន្តិសុខបានរីករាលដាលពាសពេញតំបន់ក្តៅ Sahel ប្រទេស Burkina Faso និងប្រទេស Niger ដោយក្រុមនានាបានកេងយកផលប្រយោជន៍ពីភាពក្រីក្ររបស់សហគមន៍ដែលបាត់បង់ឱកាស និងភាពតានតឹងរវាងជនជាតិភាគតិច។
ការវាយប្រហារបានកើនឡើង៥ដងនៅចន្លោះឆ្នាំ២០១៦ និង២០២០ ដែលមានមនុស្សចំនួន ៤,០០០នាក់បានស្លាប់នៅក្នុងប្រទេសទាំង៣នេះកាលពីឆ្នាំកន្លងទៅនេះ គឺកើនឡើងប្រហែល ៧៧០នាក់បើធៀបនឹងឆ្នាំ២០១៦ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ការវាយប្រហាររបស់ក្រុមឧទ្ទាមនៅកណ្តាលប្រទេសម៉ាលីជាធម្មតាទាក់ទងនឹងការដាក់គ្រាប់បែកនៅតាមដងផ្លូវ ឬការវាយឆ្មក់ និងវាយប្រហារដោយការប្រើប្រាសជិះម៉ូតូរត់ រឺក៏ប្រើឡានភីកអាប់។
តំបន់នេះត្រូវបានមើលឃើញថាមានការវាយប្រហារជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំនេះរួមទាំងគ្រាប់បែកនៅតាមដងផ្លូវដែលបានសម្លាប់អ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន៤នាក់ដែលមកពីប្រទេស Ivory Coast។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី aljazeera ចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១









