សមាជិក​សកម្មប្រយុទ្ធ IS ចំនួន ១២នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​អ៊ីរ៉ាក់

0

កម្លាំងចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​កងកម្លាំង​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​ប្រទេសអ៊ីរ៉ាក់​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​អង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ដោយបានសម្លាប់​សមាជិក​ឧទ្ទាម IS ចំនួន១២នាក់។

ការិយាល័យ​ប្រព័ន្ធ​ប្រតិបត្តិការ JOC លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា ដោយមាន​កិច្ចសហការ​ជាមួយ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់ (JOC) យន្តហោះ​របស់​កម្លាំងចម្រុះ​វាយប្រហារ​តាម​អាកាស​ទៅលើ​ទី​លាក់ខ្លួន​របស់​ឧទ្ទាម​ISនៅលើ​ភ្នំ Adayah ភាគ​ខាងជើង​ខេត្ត Nineveh ដោយបាន​សម្លាប់​សមាជិក​ឧទ្ទាម IS ចំនួន១០នាក់។

សេចក្តីថ្លែងការណ៍​បន្ត​ថា ក្រោយមកទៀត​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ឆែកឆេរ​នៅ​ទីតាំង​វាយប្រហារ​នោះ​ដោយបាន​រកឃើញ​សមាជិក​ឧទ្ទាម IS ចំនួន២នាក់​ពាក់​ខ្សែក្រវ៉ាត់​ធ្វើអត្តឃាត និង​បានសម្លាប់​ពួកគេភ្លាម។

ប្រភព​ដដែល​បន្ថែមថា យន្តហោះ​កម្លាំងចម្រុះ​វាយប្រហារ​តាម​អាកាស​មួយ​ផ្សេងទៀត និង​បំផ្លាញ​ផ្លូវ​រូង​ក្រោម​ដី​ដែល​ឧទ្ទាម IS ប្រើប្រាស់​នៅក្នុង​តំបន់ al-Eithah ភាគ​ខាងកើត​នៃ​ទី​រួម​ខេត្ត Tikrit ដែលមាន​ចម្ងាយ​ប្រហែល១៧០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Baghdad។

ភ្នំ​នានា​និង​តំបន់​រឹងមាំ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​អ៊ីរ៉ាក់​មាន​កំណើន​សកម្ម​ភាព​របស់​សមាជិក​ឧទ្ទាម​ISក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​បើទោះបី​ជាមាន​ប្រតិបត្តិការ​យោធា​ដើម្បី​តាម​ប្រមាញ់​ពួកគេ​ក៏ដោយ។

យ៉ាងណាមិញ​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កម្ចាត់​សមាជិក​ISនៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១។ ទោះបីជា​យ៉ាងណាក៏ដោយ សមាជិក​ឧទ្ទាម IS  នៅ​សេសសល់​បាន​បង្កប់ខ្លួន​នៅតាម​ទីប្រជុំជន ឬ​តំបន់​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here